Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធុងសំរាម​ធ្វើ​ពី​ឫស្សី ត្រូវ​បាន​ណែនាំ​ឱ្យ​​ប្រើប្រាស់​នៅ​ក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ

ខេត្តសៀមរាប ៖ «​ធុងសំរាម​បន្ទាយស្រី​» សាមញ្ញ ធូរ​ថ្លៃ ងាយ​ធ្វើ ស័ក្តិសម​នឹង​អត្តសញ្ញាណ នៃ​ភូមិ​បុរាណ នៅ​ក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី នៃ​ខេត្តសៀមរាប ។

លោក​បាន​បន្ត​ថា ធុងសំរាម​ធ្វើ​ពី​ឫស្សី គឺជា​ធុងសំរាម​សហគមន៍​នៅ​ជនបទ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​អប់រំ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ឆ្លងកាត់ ឬ​មក​លេង​ក្នុងភូមិ​ព្រះ​ដាក់ និង​អ្នក​ភូមិ​ខ្លួនឯង​ផ្ទាល់​ផង យល់​ពី​សារៈសំខាន់​នៃ​អនាម័យ ការ​ដាក់​សំរាម​នៅ​ក្នុង​ធុង មិន​បោះចោល​ពាស​វាល​ពាស​កាល ក្រោម​លេស​ថា​គ្មាន​ធុង​សម្រាប់​ដាក់​សំរាម​តទៅ​ទៀត​ឡើយ​។

លោក អភិបាល វ័យក្មេង​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ជុំវិញ​យុទ្ធនាការ​ជា​ច្រើន​ដូច​ជា​ផ្ទះ​មួយ អំ​ពូ​ល​មួយ​ជាដើម​នោះ បាន​រៀបរាប់​ថា «​ឫស្សី​ដែល​យក​មក​ធ្វើ​ជា​ដង​ទម្រ​នេះ​អស់​មិន​ដល់​១០០០០​រៀល​ផង ហើយ​អាច​ប្រើ​បាន​យូរ​ទៀត ចំណែកឯ​ជាល​រពាក់​នោះ​គឺ​មួយ​តែ ៧០០០​រៀល ប៉ុណ្ណោះ​។ ជា​ការ​ពិត ជាល​រពាក់​បើ​ទុក​ហាល​ក្តៅ​ហាលភ្លៀង មិន​បាន​យូរអង្វែង​ទេ តែបើ​ព្យួរ​វា​ផុត​ពី​ដី​បែប​នេះ​ហើយ​មាន​លាប​ជ័រទឹក​រឺ​បាញ់ថ្នាំ​វ័​គនី​ពីលើ​ទៀត វា​អាច​មិន​ងាយ​ដាច់​គូទ និង​ប្រហែលជា​អាច​ប្រើ​បាន​១​ឆ្នាំ​អី​ដែរ​»​។

លោក ឃឹម ហ្វី​ណ​ង់ បាន​បន្ត​ថា «​ចំណែកឯ​ការ​ប្រើប្រាស់​វិញ បើ​មាន​ដាក់​ថង​ខ្មៅ​ទ្រាប់​ពី​ក្នុង​ទៀត​ក៏​អាច​ជួយ​ឲ្យ​ប្រើ​បាន​រឹតតែ​បាន​យូរ តែ​នោះ​គឺជា​ជម្រើស​រៀង​ៗ​ខ្លួន​របស់​ម្ចាស់ផ្ទះ​នីមួយ​ៗ​តែ​ប៉ុណ្ណោះ ព្រោះ​ថង់​អាច​បន្ថែម​ចំណាយ​រាល់ថ្ងៃ​ដែរ​»​។

លោក​អភិ​បាន​ក៏​បាប បន្ថែម​ថា យើង​ក៏​មិន​គួរ​រំពឹង​ទុក​ហួសហេតុ​ពេក ពី​របស់​តម្លៃ​ត្រឹមតែ​៧០០០​រៀល​នោះ​ដែរ បើ​ប្រើ​បាន​១​ឆ្នាំ​មែន វា​អស់​ប្រហែល​តែ​២០​រៀល​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ មិន​ខុស​អី​ពី​ជំនាន់​យើង​មិន​ទាន់​មាន​ថង់ផ្លាស់​ស្ទីក​ប្រើ​នោះ​ទេ ទោះបី​ស្លឹក​ឈូក​និង​ស្លឹកចេក​ប្រើ​ម្តង​ហើយ​បោះចោល ក៏​នៅ​តែ​ប្រើ​បាន​ព្រោះ​វា​ធូរ​ថ្លៃ​។ ម្យ៉ាង ប្រដាប់​ដាក់​សំរាម​បើ​ប្រើ​យូរ​ពេក​ក៏​មាន​មេរោគ​ច្រើន​ដែរ ហើយ​បើ​ខូច​បោះចោល​ទៅ​រពាក់​និង​ឫស្សី​មិន​ប៉ះពាល់​បរិស្ថាន​ទេ តែបើ​ទិញ​ថ្មី​វិញ​ក៏​បាន​ជួយ​ជា​ចំណូល​អ្នកលក់​ជាល​ទៀត​ផង​។

សម្រាប់​បងប្អូន​អាជីវករ និង​ម្ចាស់ផ្ទះ​នីមួយ​ៗ ដែល​រស់នៅ​តាម​ដងផ្លូវ​នេះ យើង​មាន​យន្តការ​គ្រប់គ្រង​សំរាម ដាច់​ដោយឡែក​មួយទៀត ដែល​លោក​អភិបាល​នឹង​លើកយក​មក​និយាយ​នៅ​ពេល​ក្រោយ គ្រាន់តែ​ដឹង​ថា​ពួក​គាត់​នឹង មិន​យក​សំរាម​ផ្ទះបាយ​រឺ​សំរាម​សើម​មក​ដាក់​ក្នុង​ធុង​នេះ​ទេ​។

និយាយ​ឲ្យ​ខ្លី​ទៅ នេះ​គឺជា​ធុងសំរាម​សម្រាប់​តែ​ដាក់ ក្នុង​តំបន់​ទេសចរណ៍​តែ​ប៉ុណ្ណោះ ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​រឺ​អ្នកដំណើរ​ឆ្លងកាត់ ផ្តល់​ការ​គោរព​ដល់​ភាព​មាន​អនាម័យ របស់​អ្នក​ភូមិ​គំរូ​មួយ​នេះ និង​ជួយ​ដាក់​សំរាម​នៅ​ក្នុង​ធុង​។ នៅ​ពេល​ដែល​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​នេះ​បាន​ពេញ ក្នុងភូមិ​ហើយ រដ្ឋបាល​ស្រុក​នឹង​ពិចារណា​ផាកពិន័យ លើ​បុគ្គល​ទាំងឡាយ​ណា​ដែល​មក​លេង ភូមិ​ព្រះ​ដាក់ ហើយ​នៅ​តែ​ចោល​សំរាម​នៅ​ក្រៅ​ធុង​បន្ត​ទៀត ហើយ​នេះ​គឺជា​អ្វី​ដែល​អនុញ្ញាត​អោយធ្វើ​បាន​ដោយ​ច្បាប់​។

ដោយសារ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍ និង​ជា​ភូមិ​បុរាណ​នៅ​ក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ សោភ័ណ​ភាព​គឺជា​រឿង​សំខាន់ ធុងសំរាម​មិន​គួរ​ត្រឹមតែ​ជួយ​ឲ្យ​មាន​អនាម័យ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​តែ​បន្ស៊ី​គ្នា​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ផង​ដែរ មិន​គួរ​ឲ្យ​រំខាន​ភ្នែក គគ្រិច​មិន​មាន​អ្នក​ហ៊ាន​ដើរ​ក្បែរ រឺ​អ្នក​ភូមិ​មិន​ចង់​ឲ្យ​ដាក់​នៅ​មុខ​ផ្ទះ​នោះ​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ​បានជា​មានការ​ជ្រើសរើស​យក​ជាល​រពាក់​និង​ឫស្សី​យក​មក​ប្រើប្រាស់ ដើម្បី​រក្សា​អត្តសញ្ញាណ​នៃ​តំបន់​នេះ​។ ការ​រចនា​កែ​ច្នៃ​ទៀត​សោត​ត្រូវ​តែ​សាមញ្ញ មិន​ប៉ះពាល់​បន្ថែម​ដល់​បរិស្ថាន ងាយ​ធ្វើ​ដោយ​ខ្លួនឯង និង​មិន​ចំណាយ​ច្រើន ព្រោះ​បើ​អស់​ថ្លៃ​ពេក រឺ​ពិបាក​រក​វត្ថុធាតុដើម​យក​មក​ធ្វើ រឺ​ទាមទារ​បច្ចេកទេស​ខ្ពស់​ពេក អ្នក​ភូមិ​មិន​ចូលរួម​ទេ​។

ក្រែង​នៅ​មានការ​យល់​ច្រ​លំ ធុងសំរាម​នេះ​គឺ​ធ្វើ​ដោយ​ម្ចាស់ផ្ទះ កម្មសិទ្ធិ​ម្ចាស់ផ្ទះ និង​ថែរក្សា​ដោយ​ម្ចាស់ផ្ទះ​ខ្លួនឯង​ផ្ទាល់ រដ្ឋបាល​ស្រុក​គ្រាន់តែ​ធ្វើ​ជា​គំរូ​ឲ្យ​មើល​តែ​ប៉ុណ្ណោះ​។

អ្នក​ភូមិ​អាច​ច្នៃ​បន្ថែម ឬ​រើស​ម៉ូ​ដ​ណាមួយ​ដែល​ខ្លួន​ចូល​ចិត្តបាន ជាក់ស្តែង​រដ្ឋបាល​ស្រុក​នឹង​ចែក​ដង​បង្គោល​ឫស្សី​មួយ​ចំនួន​ជូន​ដល់​តាម​កន្លែង​មាន​លក់​ជាល​រពាក់​ទាំងនេះ ព្រោះ​ពួក​គាត់​មាន​ជាល​នេះ​ស្រាប់ ដោយ​សុំ​ឲ្យ​គាត់​ដាក់​ជាល​ដោយ​ខ្លួនឯង​ផង តាំង​បង្ហាញ​ជា​គំរូ​ដល់​អ្នក​ភូមិ​ផង និង​ប្រាប់​ថា​ជាល​រពាក់​ទាំងនេះ​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ធូរ​ថ្លៃ​នៅ​ទី​នេះ​ផង​។ មើល​មិនឃើញ អ្នកលក់​ជាល​កន្ត្រក​ទាំងនេះ​អាច​បង្កើត​ប្រាក់​ចំណូល​ថ្មី ដោយ​ធ្វើ​ទាំង​ដង​ទាំង​ជាល​លក់​ឲ្យ​អ្នក​ក្នុងភូមិ​ផង រឺ​ភ្ញៀវ​មក​ពី​ក្រៅ​ផង​ក៏​ថា​បាន​។

សំរាម​ទៀត​សោត​គឺ​សុទ្ធសឹងតែ​ជា​សំរាម​ស្ងួត​ទេ ភាគច្រើន​ប្រហែលជា​ដប​ទឹក​សុទ្ធ កំប៉ុង​ទឹកក្រូច ក្រដាស់​ជូត​មាត់ រឺ​ថង់​ម្ហូប​ដែល​នៅ​សេសសល់​តែ​ប៉ុណ្ណោះ តាម​ពិត​ទៅ​ប្រហែលជា​អ្នក​ចោល​មិន​បាន​ជួយ​ញែក​ឲ្យ​ទេ តែ​ក្នុង​ហេតុផល​អប់រំ​យូរអង្វែង ទើប​យើង​ជម្រុញ​ឲ្យ​មាន​ពីរ​ជម្រើស​នេះ យ៉ាង​ហោច​ណាស់​បង្រៀន​អោយ​ស្គាល់​និង​ញែក​របស់​ដែល​អាច​កែ​ច្នៃ​បាន​សិន​។

ត្រង់​ថា​ហេតុ​អ្វី​មិន​ញែក​ជា​៣​រឺ​៤ ខ្ញុំ​ពិតជា​ចង់បាន​ណាស់ តែ​ខ្លាច​អ្នក​ភូមិ​គាត់​មិន​ធ្វើ​តាម ម្យ៉ាង​ចំណាយ​ច្រើន ហើយ​អាច​ធំ​ពេក ទើស​សំពីងសំពោង និង​ពិបាក​រក​កន្លែង​ដាក់​ទៀត​។ ខ្ញុំ​បាន​ធ្វើការ​ច្រើន​ជាមួយ​សហគមន៍ ខ្ញុំ​ដឹង​ថា​ការ​បង្ខំ​រឺ​ចង់បាន​លោភ​ពេក ភាគច្រើន​មិន​ជោគជ័យ​ទេ​។

ចំណែកឯ​ហេតុផល​មិន​មាន​គម្រប ពាក់ព័ន្ធ​នឹង​ថា​ភាគច្រើន​ជា​សំរាម​ស្ងួត និង​ការ​ដែល​មនុស្ស​ទូទៅ​មិន​ចង់​ប៉ះ​គម្រប​ធុងសំរាម ដោយ​គិត​ថា​គគ្រិច​មិន​ចង់​ឲ្យ​ប្រលាក់​ដៃ​។ តាម​បទ​ពិសោធន៍ បើ​ធុង​មាន​គម្រប មនុស្ស​ភាគច្រើន​នឹង​បោះចោល​លើ​ធុង​រឺ​ក្រៅ​ធុង តែ​នេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​ម្ចាស់​ធុង​និង​ម្ចាស់ផ្ទះ​នីមួយ​ៗ បើ​គាត់​ចង់​ដាក់​គម្រប​ក៏​មិន​ទាស់​ខុស​អី​ដែរ​។

ចំណែកឯ​ឡាន​សំរាម​របស់​រដ្ឋបាល​ស្រុក​នឹង​ឆ្លងកាត់​ផ្លូវ​នេះ​ជា​រាល់​ថ្ងៃជា​ប្រចាំ ម្ចាស់ផ្ទះ​នីមួយ​ៗ​មាន​កាតព្វកិច្ច​ត្រូវ​ប្រមូល​សំរាម​ចេញពី​ធុង​ទាំងនេះ ហើយ​វេច​ខ្ចប់​រួច​យក​ទៅ​ដាក់​ក្នុង​ឡាន​សំរាម​រឺ​កន្លែង​រក្សា​ទុក​សំរាម​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​ដោយ​ខ្លួនឯង​។ ការ​រស់នៅ​ស្អាត​របស់​អ្នក​ភូមិ​គឺជា​ធាតុ​ចាំបាច់​ដើម្បី​អោយ​យន្តការ​តម្រូវ​បែប​នេះ​ដំណើរការ​ទៅ​បាន​ប្រកបដោយ​និរន្ត​ភាព ហើយ​រដ្ឋបាល​ស្រុក​ក៏​នឹង​មាន​ផែនការ​អប់រំ​និង​លើកទឹកចិត្ត​ដាច់​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ស្អាត​នៅ​ក្នុងភូមិ​គំរូ​នេះ​ផង​ដែរ​៕

from: https://tnaot.com/km/m/detail/article/9548118