រាជធានីភ្នំពេញ ៖ នារីម្នាក់បានឡាយតាមហ្វេសប៊ុកក្នុងសភាពស្រវឹង សង្ស័យនាងមានវិបត្តិផ្លូវចិត្ត បន្ទាប់មកត្រូវបានមិត្តភក្តិប្រទះឃើញនារីរងគ្រោះបានបាត់បង់ជីវិតដោយចងកនៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ នៅបន្ទប់ជួលជាន់ទី១ ខាងក្រោយផ្សារវិតមីន ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ ស្ត្រីល័ក្ខ អាយុជាង២០ឆ្នាំ មុខរលក់ទឹកត្នោតជូរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតខេត្តព្រៃវែង ។ នារីរងគ្រោះមានអាក់ខោន ហ្វេសប៊ុកឈ្មោះ ល័ក្ខស៊ីងក័ល ។
តាមប្រភពពត៌មានពីស្ត្រីឈ្មោះ តូច ចាន់ថន ត្រូវជាមិត្តភក្តិ និងស្នាក់នៅជិតបន្ទប់ជួលរបស់នារីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះខាងលើរស់នៅបន្ទប់ជួលតែម្នាក់ឯង យូរៗទើបឃើញបុរសម្នាក់ដែលគេដឹងថាជាប្តី មកលេងបន្ទប់ជួលម្តង ។ នៅពេលព្រឹកថ្ងៃកើតហេតុ គេឃើញបុរសម្នាក់ដែលជាប្តីបានមកលេងបន្ទប់ជួល នារីរងគ្រោះ ហើយបានឈ្លោះប្រកែកគ្នាមួយប្រាវ បន្ទាប់មកបុរសជាប្តីនោះបានត្រឡប់ទៅវិញបាត់ ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក គាត់បានឃើញអាក់ខោនហ្វសប៊ុករបស់នារីកំពុងឡាយផ្ទាល់ដោយមានសភាពស្រវឹង ហាក់បីដូចជាពិបាកចិត្តយ៉ាងខ្លាំង ពេលនោះគាត់ក៏បានទៅបន្ទប់ជួលរបស់ស្ត្រីខាងលើបំរុងជួយលួងលោម ព្រោះបារម្ភខ្លាចនាងគិតខ្លីដែរ ប៉ុន្តែពេលគាត់មកដល់ទ្វារបន្ទប់ជួលនារីរងគ្រោះបានបិទទ្វារ តែមិនបានដាក់គន្លឹះនោះឡើយ លុះពេលគាត់ច្រានទ្វារចូលទៅ ស្រាប់តែឃើញនារីរងគ្រោះចង់ក បណ្តាលឱ្យបាត់បង់ជីវិតទៅហើយ ភ្លាមនោះគាត់បានហៅអ្នកជិតខាងឱ្យមកជួយមើលផងដែរ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលខាងលើ ម្ចាស់ផ្ទះជួលបានទាក់ទងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ដោយនគរបាលប៉ុស្តិ៍បានទាក់ទងទៅផ្នែកជំនាញចក្ខុដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា នារីរងគ្រោះពិតជាបានបញ្ចប់ជីវិតដោយចងកប្រាកដមែន។
ក្រោយពេលកើតហេតុ សពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចនគរបាលបានអោយរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ កោះសន្តិភាព