Arsenal បានក្លាយជាជើងឯក FA Cup សារជាថ្មីកាលពីយប់មិញក្រោយយកឈ្នះគូប្រជែង Chelsea ក្នុងលទ្ធផលប្រផុតប្រផើយ ២-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមរហស្សនាមថាកាំភ្លើងធំបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងពិភពបាល់ទាត់អង់គ្លេសដោយលើកពាន FA Cup ជាពានធំលំដាប់ទីពីរ ក្នុងឯតទគ្គកម្ម១៤ដងច្រើនជាងក្រុមណាទាំងអស់។ ជំនួបនោះ Christian Pulisic បានរកគ្រាប់បើកឆាកឲ្យ Chelsea បានមុនតាំងតែនាទី ទី៥។
យ៉ាងណាការនាំមុខបានរលាយបាត់ទៅវិញត្រឹម២៣នាទីប៉ុណ្ណោះនៅពេលដែល Pierre-Emerick Aubameyang បានប៉េណាល់ទី១គ្រាប់តាមស្មើឲ្យ Arsenal បានវិញនៅនាទី២៨ ហើយនៅវគ្គទីពីរ Aubameyang ដដែលក្លាយជាវីរបុរសរកបាន១គ្រាប់ទៀតជួយក្រុមលោក Mikel Arteta ឈ្នះជើងឯក FA Cup តែម្ដង។
ចាប់អារម្មណ៍ការប្រកួតនោះក្រុមកីឡាករ Arsenal បានពាក់អាវជាផលិតផលក្រុមហ៊ុន Adidas ធ្វើនៅកម្ពុជាក្រោយរូបភាពបង្ហាញលើបណ្ដាញសង្គមឃើញថាអាវនោះមានសរសេរពាក្យ “Made In Cambodia” ដែលវាគឺជាមោទកភាពមួយរបស់ប្រជាពលរដ្ឋយើង៕