ខេត្តក្រចេះ ៖ កោះទ្រង់ គឺជាកោះមួយនៅចំកណ្តាលទន្លេមេគង្គចម្ងាយប្រមាណ១គ.ម ទល់មុខក្រុងក្រចេះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្ត ក្រចេះ។ កោះនេះ មានភូមិចំនួន២ ដែលផ្ទៃដីសរុបទំហំ២២៣ហិកតា មានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង-វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល ។
កោះនេះ មានបណ្តោយប្រមាណ៤.៥ គ.ម ពីជើងទៅត្បូងព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង៩គ.ម អមទៅដោយដើមក្រូចថ្លុង ដែលមានរសជាតិផ្អែមពីធម្មជាតិពិតៗ និងមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ដូចជាជិះកង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនាកម្សាន្ត និងមានផ្ទះស្នាក់សហគមន៍ដែលមានផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស គឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិផងដែរ ។
ដោយមានសក្តានុពលទាំងអស់នេះហើយ ទើបសហគមន៌អេកូទេសចរណ៍ ក្រោមការ
ចង្អុលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរៀបចំសហគមន៍អេកូទេសចរណ៍កោះទ្រង់នេះឡើងវិញ ក្រោយបិទសហគមន៍មួយរយៈ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ។ដោយ៖ កោះសន្តិភាព