ទីអារាមវត្តចតុទិសបានកកើតឡើងតាំងពីសម័យលង្វែកមកម្ល៉េះ ហើយត្រូវបានរៀបចំកសាងឡើងវិញ ក្នុងរាជ្យព្រះបាទអង្គឌួងក្នុងរវាង ព.ស២៣៩២ ត្រូវនឹងឆ្នាំ១៨៤៨។
វត្តនេះគឺជាអារាមធំរបស់សម្ដេចសង្ឃរាជាគណមហានិកាយជាគូនឹងអារាមវត្តវាំងចាស់ ជាអារាមធំរបស់សម្ដេចសង្ឃរាជគណធម្មយុត្តិ ក្នុងរជ្ជកាលព្រះបាទអង្គឌួង។ នៅជ្រុងទាំងបួននៃព្រះវិហារចាស់មានចេតិយធំៗ ចំនួនបួន ដែលនៅបាតក្រោមនៃចេតិយមានកប់បញ្ចុះនូវរតនសម្បត្តិមានតម្លៃរបស់ព្រះរាជាខ្មែរ។
រតនសម្បត្តិរបស់អតីតព្រះរាជាខ្មែរ ដែលតាមការរៀបរាប់រួមមាន ដាវមាស, ស្បែកជើងមាស, កងដៃ-កងជើងមាសធំៗ (ជាមាសផ្កាកប្បាសទឹក៦) ព្រមទាំងគ្រឿងអលង្ការធ្វើពីត្បូងថ្មមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។
គួរឲ្យសោកស្ដាយពន់ពេកព្រះវិហារដ៏ប្រណិតនេះត្រូវពួកខ្មែរក្រហម វាយកម្ទេចអោយរាបដល់ដី កាលពីអំឡុងឆ្នាំ១៩៧៧។ ពួកគេបន្តវាយកម្ទេចចេតិយទាំងបួនទៀតដើម្បីគាស់កកាយ ប្រមូលយករតនសម្បត្តិរបស់អតីតព្រះរាជាខ្មែរមានចំនួន៤កញ្ឆេរធំៗ៕
កែសម្រួល៖ WowCambodian /ប្រភព៖ ទំព័រស្រុកស្រែ