រាជធានីភ្នំពេញ ៖ ការដ្ឋានសំណង់ដ៏ធំមួយកន្លែង ស្ថិតនៅប្រមុះជ្រូកលើផ្លូវលេខ៣៥៥ និង ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ កំពុងតែជីកលុងក្រោមដី បង្កអោយបាក់ស្រុតផ្លូវព្រមទាំងដាក់សម្ភារគ្រឿងចក្របិទផ្លូវ មិនអោយធ្វើដំណើរតែម្តង ។
ទន្ទឹមការបាក់ស្រុតផ្លូវនេះ នៅវេលារសៀលថ្ងៃទី២១ កញ្ញា រដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកឯកឃុន ដឿន អភិបាលខណ្ឌ បានចុះទៅត្រួតពិនិត្យ និងណែនាំអោយ ម្ចាស់ការដ្ឋានជួសជុលស្ថាបនាផ្លូវឡើងវិញ ។ ការដ្ឋានដែលបង្កអោយមានការបាក់ស្រុតផ្លូវនេះ ត្រូវបានអាជ្ញាធរអោយដឹងថា ជាការដ្ឋានសាងសង់អគារពហុមុខងារ មានកម្ពស់៣០ជាន់ និងមានជាន់ក្រោមដី២ជាន់ជារបស់ក្រុមហ៊ុនមេហ្គាគឹម វើលដ៍ខបអិលធីឌី ដែលមានលោកស្រី LEE WAN-CHIជាតំណាងក្រុមហ៊ុន ។
តាមប្រជាពលរដ្ឋនៅក្បែរការដ្ឋានបានអោយដឹងថា ការដ្ឋាននេះបានដំណើរជាច្រើនខែ មកហើយ ដោយជីកលុងក្រោមដី ដើម្បីសាងសង់ជាន់ក្រោម ។ នៅក្នុងដំណើរបង្កអោយបាក់ស្រុតផ្លូវលេខ៣៥៥ជាបន្តបន្ទាប់ហើយ កាលពីថ្ងៃទី២១ កញ្ញា មានរថយន្ត ក្រឡុកស៊ីម៉ងត៍មកឈប់ចតចាក់បេតុង បណ្តាលអោយបាក់ស្រុតផ្លូវកាន់តែខ្លាំង គឺប្រេះស្រុតរហូតដល់ពាក់កណ្តាលផ្លូវ។ ដោយឡែកទៀត ចំណែកផ្លូវលេខ៣១៧ ខាងផ្នែកខាងកើត អាគារក៏មានការស្រុតផ្លូវដែរ និងត្រូវបានក្រុមហ៊ុន សាងសង់យកដែក និងគ្រឿងចក្រ មកឈប់ចតលើដង ផ្លូវបិទមិនអោយធ្វើដំណើរតែម្តង ។
ចំណែកទីតាំងបានហ៊ុំព័ទ្ធការដ្ឋាន និងដាក់ភ្លើងសញ្ញាអោយបានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ ។ បន្ទាប់ពីមានការបាក់ស្រុតផ្លូវមានការថតបង្ហោះ ទើបត្រូវបានរដ្ឋបាលរាជធានីភ្នំពេញណែនាំ អោយរដ្ឋបាលខណ្ឌទួលគោក ចុះទៅត្រួតពិនិត្យជាថ្មីម្តងទៀត កាលពីល្ងាចថ្ងៃទី២១ កញ្ញា ឆ្នាំ២០២០ ។ លោកឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក បានអោយដឹងថា ការដ្ឋានសំណង់នេះ មានច្បាប់អនុញ្ញាតពីក្រសួង ដែនដីនគររូបនីយ៍កម្ម និងសំណង់ត្រឹមត្រូវ ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព