ខេត្តបន្ទាយមានជ័យ ៖ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វរសេនីយ៍ត្រីនួន នីណារ៉ូ បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះថា បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ក្រោយពេលចេញមកវិញក៏ប្រកបរបររើសអេតចាយ ។ នៅពេលដែលកំពុងរើសអេតចាយមានមិត្តភក្តិម្នាក់ដែលរើសអេតចាយជាមួយគ្នា បានខ្សឹបប្រាប់ថា «កាលឯងជាប់គុកលើកមុន គឺដោយសារតែឈ្មោះ លឹម ឆក បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឯងលួចទ្រព្យសម្បត្តិគេ» ។
បន្ទាប់ពីឮគេប្រាប់បែបនេះ បុរសជាជនសង្ស័យផ្ទុះកំហឹងក៏បានជិះកង់ទៅយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះលឹម ឆក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងបួសធ្ងន់ ។ ដោយឡែក បុរសជាជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
លោកមេបញ្ជាការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គា រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះលឹម ឆក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅម្តុំផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានបណ្តឹងពីឈ្មោះជនរងគ្រោះរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង២និង៤៥នាទីឈានចូលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំខ្លួនមកសាកសួរ រួមទាំងវត្ថុតាងកាំបិតធ្វើសកម្មភាពចំនួន១ដើមផងដែរ។
លោកវរសេនីយ៍ត្រីនួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ។ ចំពោះមូលហេតុដែលខ្លួនកាប់ទៅលើជនរងគ្រោះនោះ ក្នុងខណៈពេលខ្លួនកំពុងដើររើសអេតចាយជាមួយមិត្តភក្តិម្នាក់ទៀត បាននិយាយប្រាប់ខ្លួនថា កាលដែលខ្លួនជាប់គុកលើកមុន គឺដោយសារឈ្មោះ លឹម ឆក ជាអ្នករាយការណ៍ឱ្យសមត្ថកិច្ចចាប់ខ្លួន ទើបខ្លួនទប់កំហឹងមិនបាន ក៏ជិះកង់ហើយយកកាំបិតទៅកាប់ឈ្មោះលឹម ឆក បណ្ដាលឱ្យរងរបួសតែម្តង។
ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីចាត់ការបន្ត និងបច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក៏ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីផងដែរ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព