ខេត្តស្ទឹងត្រែង ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីចាក់ប្រហារសម្លាប់ប្តីរបស់ខ្លួន ដោយប្រើកាំបិតចុងស្រួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ៅង៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន។
ស្រី្តជាជនដៃដល់ខាងលើឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានចាក់ប្រហារទៅលើប្តីរបស់ខ្លួនឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ បង្កឱ្យមានស្លាកស្នាមរបួសចំនួន៣កន្លែង ដោយស្លាកស្នាមទី១-គល់ភ្លៅខាងស្តាំមួយកាំបិត ទី២-ក្រោមជង្គង់ខាងស្តាំមួយកាំបិត និងស្លាកស្នាមទី៣-ប្រអប់ដៃខាងឆ្វេងមួយកាំបិត នេះបើតាមការអះអាងរបស់នគរបាល។
ទាក់ទិននឹងករណីឃាតកម្មខាងលើនេះ បើតាមការរៀបរាប់របស់ស្ត្រីដៃដល់ បានប្រាប់ទៅសមត្ថកិច្ចឱ្យដឹងថា ដោយសារតែខ្លួនទ្រាំទ្រពុំបាននៅពេលដែលប្តីរបស់ខ្លួនលួចលាក់មានស្រីជាច្រើន រហូតដល់ថ្នាក់យកមកលាក់នៅផ្ទះចំការ រួចដេកអោបគ្នា ដោយគ្មានគិតប្រពន្ធ និងកូនឈឺទាល់តែសោះ។
ស្ត្រីដដែលបន្តថា ពេលដែលនាងតាមមកដល់ផ្ទះចំការក៏ឃើញហេតុការណ៍ជាក់ស្តែងបែបនេះ នាងក៏បានប្រវាយប្រតប់ ហើយចាប់បានកាំបិតចាក់ទៅប្តីខ្លួនតែម្តង។
នគរបាលនៃអធិការដ្ឋានស្រុកសេសាន បានឱ្យដឹងថា ស្ត្រីដែលជាជនដៃដល់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់ប្តីរួចហើយនោះ គឺមិនបានរត់គេចខ្លួនទៅណាឡើយ ដោយរង់ចាំប្រគល់ខ្លួនជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីដៃដល់ត្រូវកម្លាំងនគរបាលស្រុក ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព