ស្តាប់ធម៌ដោយគោរពនឹងកើតបញ្ញាច្រើនដូចព្រះអានន្ទជាអ្នកចេះចាំធម៌អាថ៌សិក្ខាវិន័យច្រើនប្រសើរលើសសាវកនានាជាបុថុជ្ជននោះ ក៏ព្រោះលោកជាអ្នកស្តាប់ពុទ្ធឱវាទដោយគោរព ។
ធម្មទេសនាដែលព្រះធម្មកថិកសម្តែងបង្ហាត់បង្ហាញពន្យល់ប្រាប់ផ្លូវឱ្យស្គាល់ពីបាប បុណ្យ គុណទោស រារាំងហាមប្រាមមិនឱ្យធ្វើទង្វើអាក្រក់ ខុសសីលធម៌ សុជីវធម៌ក្នុងសង្គម ហើយណែនាំឲ្យដើរតាមផ្លូវល្អ ធ្វើអំពើជាកុសល ដើម្បីសេចក្តីសុខដល់ខ្លួន និងអ្នកដទៃ គឺជាធម្មទេសនាប្រកបដោយធម៌ មានប្រយោជន៍ច្រើនដល់អ្នកស្តាប់ ។
ចំណែកអ្នកដែលបានស្តាប់ដោយគោរពគង់នឹងបានបញ្ញា កើតចិត្តជ្រះថ្លា ប្រតិបត្តិត្រឹមត្រូវត្រង់តាមគន្លងធម៌ ។ដោយ៖ កោះសន្តិភាព