រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រី ទើបតែបានដឹងច្បាស់ដោយខ្លួនឯង អំពីការបំរើសេវាសាធារណៈរបស់មន្ត្រីមូលដ្ឋានមួយចំនួន ដែលធ្វើការងារខ្ជីខ្ជា មិនយកចិត្តទុកដាក់ និងឲ្យតម្លៃប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
អនុរដ្ឋលេខាធិការនៅគណៈរដ្ឋមន្ត្រី លោក ដួង តារា បានបង្ហោះសារបង្ហោះលើបណ្តាញសង្គមថា « ខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយនៅភ្នំពេញ។
ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រើប្រជាលរដ្ឋនៅទីនោះ ដែលខ្វះភាពរស់រាយរាក់ទាក់ និងមិនបានបង្ហាញខ្ញុំឲ្យច្បាស់ថា ត្រូវទៅតុណាមួយ…ជួបអ្នកណា…។»នេះបើយោងតាមហ្វេកប៊ុករបស់លោកបានផ្សាយនាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ។
លោក ដួង តារា បានបញ្ជាក់ទៀតថា មន្ត្រីក្មេងៗក្រៅពីសមត្ថភាព ចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៍ និងគុណធម៌ក្នុងខ្លួន ហើយមានបេះដូង ថ្លើមប្រម៉ាត់ រីករាយក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ ។
លោកបានបន្តថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕ ត្នោត