ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានដុតបំផ្លាញផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ព្រោះតែខឹងឪពុកវាយប្រដៅរឿងគ្រឿងញៀន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងងាវុធជាតិផ្ទុះនិង អគ្គីភ័យបានឲ្យដឹងថា ផ្ទះមួយខ្នងដែលត្រូវបានអគ្គីភ័យឆាបឆេះខាងលើមានម្ចាស់ឈ្មោះស្រឹម វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានសមាជិកក្នុងគ្រួសារចំនួន៦នាក់ (ស្រី២នាក់) ។
លោកស្នងការរងបានបន្តថា តាមការស្រាវជ្រាវ និងការបំភ្លឺពីសមាជិកគ្រួសាររងគ្រោះខាងលើបានឲ្យដឹងថា គ្រោះអគ្គីភ័យខាងលើនេះកើតឡើង គឺដោយសារកូនប្រុសឈ្មោះ ស្រឹម រស្មី អាយុ២៣ឆ្នាំ ជាជនញៀនថ្នាំញៀន ត្រូវឪពុកម្តាយហាមមិនស្តាប់ឡើយ។ នៅមុនពេលកើតហេតុ ឪពុកបានវាយកូន ដើម្បីឲ្យឈប់ប្រព្រឹត្ត ប៉ុន្តែកូនប្រុសមិនត្រឹមតែស្តាប់នោះទេ បែរជាផ្ទុះកំហឹង រួចក៏ឡើងទៅលើផ្ទះកេះដែកកេះដុតពូក បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះទាំងមូលតែម្តង ។
ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ក្នុងនោះ១គ្រឿងជារបស់ស្នងការដ្ឋាននគរបាលខេត្ត និងមួយគ្រឿងទៀតជារបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះមកជួយអន្តរាមន៍បាញ់ទឹក រួមទាំងកម្លាំង នគរបាលខេត្ត ស្រុក កម្លាំងសឹករងស្រុកនិងកម្លាំងអាជ្ញាធរមូលដ្ឋានចេញជួយអន្តរាគម៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ ព្រោះភ្លើងឆេះសន្ធោសន្ធៅឆាប់រហ័សពេក តែបានទប់ស្កាត់មិនឲ្យមានការឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាង ។
លោកស្នងការរងវរសេនីយ៍ឯកប៊ុន ផេង បានបញ្ជាក់ថា តាមការឲ្យដឹងពីម្ចាស់ផ្ទះរងគ្រោះ គឺទំហំនៃការខូចខាតទាំងផ្ទះនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះសរុបជាទឹកប្រាក់ចំនួន១៦.០០០ដុល្លារ ។
ក្រោយពេលកើតហេតុ ជនសង្ស័យជាកូនបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរី កំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ត្នោត