រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ជាមួយក្រសួងសុខាភិបាល បានប្រកាសដាក់ប្រើប្រាស់ «ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យ នៃប្រជាពលរដ្ឋអំពីជំងឺកូវីដ១៩ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២០នេះ។
លោក បណ្ឌិត ជាង សុភ័ក្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ មានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩នេះ បានអភិវឌ្ឍន៍ឡើងក្នុងក្របខណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ស្របតាមច្បាប់ទូរគមនាគមន៍ និងអនុក្រឹត្យ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ។
លោកបណ្ឌិតលើកឡើងថា ក្រោមការដឹកនាំដោយផ្ទាល់របស់លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍សហការជាមួយក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, ក្រុមការងារនៃក្រសួងទាំងពីរ និងប្រតិបត្តិករទូរគមនាគមន៍បានប្រជុំពិភាក្សាជាបន្តបន្ទាប់ក្នុងគោលដៅអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ឱ្យមានភាពងាយស្រួលនិងប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាលទ្ធផល ក្រុមការងារបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ រួចរាល់ជាស្ថាពរ ព្រមទាំងបានធ្វើតេស្តសាកល្បងប្រើប្រាស់អស់ជាច្រើនខែ និងពិនិត្យឃើញថា ប្រព័ន្ធនេះមានភាពងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកំណត់អត្តសញ្ញាណក្រុមជនដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ។
លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍មានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ត្រូវបានចាប់ផ្តើមអភិវឌ្ឍឡើងនៅពេលវេលាមួយដែលពិភពលោកប្រឈមមុខនឹងជំងឺកូវីដ-១៩ ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធនេះនឹងអាចជួយលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងសុខាភិបាលដែលជាសេនាធិការជួរមុខរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានដោយមានប្រសិទ្ធភាព ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ជាដៃគូរដ៏ជិតស្និតក្នុងការជំរុញ និងគាំទ្រដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ នេះឡើង ។
ប្រព័ន្ធនេះ ត្រូវបានអភិវឌ្ឍឡើងស្របតាមស្ថានភាពបច្ចុប្បន្ន និងតម្រូវការរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលព្រះរាជាណាចក្រកម្ពុជាក៏ដូចជា ពិភពលោកទាំងមូលកំពុងជួបប្រទះ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ នេះអាចទទួលការហៅចូលនិងឆ្លើយតបសារជាសំឡេងដោយស្វ័យប្រវត្តិ (Interactive Voice Response, “IVR”) ដោយសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ និងមានមុខងារសំខាន់ៗ ៖១- ជួយបញ្ចៀសការកកស្ទះដល់ប្រព័ន្ធឆ្លើយតបសារ ១១៥ ដែលមានស្រាប់,២- អាចទទួលការហៅចូល និងឆ្លើយតបដោយស្វ័យប្រវត្តិ និងអាចកំណត់អត្តសញ្ញាណប្រជាជនដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩,៣- អាចផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិទៅប្រជាជនដែលស្ថិតក្នុងការសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដើម្បីតាមដានសុខភាព និង៤ – អាចផ្តល់ទិន្នន័យចាំបាច់មួយចំនួន ដើម្បីកំណត់អត្តសញ្ញាណនៃក្រុមជនដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ៕ ត្នោត