ស្រុកព្រៃនប់៖ នៅពេលវេលាទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះ ផ្លេកបន្ទោរលាន់លឺខ្លាំងកក្រើកស្រុកព្រៃនប់ តែយ៉ាងណាក៏ដោយ មិនបណ្ដាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ និងអាយុជីវិតមនុស្ស ព្រមទាំងជីវិតសត្វឡើយ។
ពលរដ្ឋមួយចំនួននៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ បានស្នើដល់អាជ្ញាធរ និងស្ថាប័នជំនាញជួយពិនិត្យ និងមានវិធានការកែសម្រួលប្រព័ន្ធបង្ហូរទឹកនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៤ មុខលំនៅឋានរបស់ពួកគាត់ផង។ ព្រោះថា ពេលដែលមានភ្លៀងធ្លាក់ម្តងៗ ចំណុចនេះបង្កឱ្យមានទឹកជន់លេចពីទីខ្ពស់ហូរកាត់ផ្លូវជាតិ ចូលមកដល់ក្នុងលំនៅឋានរបស់ពួកគាត់ជាបន្តបន្ទាប់ ។
ជាក់ស្ដែង ដូចជាភ្លៀងមួយមេព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ទឹកបានហូរលើផ្លូវជាតិ ដោយមិនមានកន្លែងហូរ ព្រោះប្រព័ន្ធលូសម្រាប់រំដោះទឹកនេះ ត្រូវបានរួមតូចដោយសារតែការចាក់ដី៕ ត្នោត