ក្នុងពេលដែលមនុស្សជាច្រើនកំពុងមើលឃើញកូវីដ ១៩ ប៉ះពាល់ដល់ប្រាក់ចំណូល និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ អតិថិជនក៏កាន់តែមានភាពប្រុងប្រយ័ត្នក្នុងការចាយវាយដែរ ។ ដោយហេតុដូចនេះ ការយកផលិតផលថ្មីៗមកលក់ក្នុងកំឡុងពេលនេះមានហានិភ័យខ្ពស់ ខណៈដែលអតិថិជនភាគច្រើននឹងកាត់បន្ថយការចាយវាយលើសម្ភារៈដែលមិនចាំបាច់ ។
ប៉ុន្តែវាមិនមែនមានន័យថា អាជីវករមិនគួរសាកល្បងលក់ផលិតផលថ្មីៗទាំងស្រុងទេ ព្រោះប្រសិនបើអាជីវករអនុវត្តតាមយុទ្ធសាស្ត្រត្រឹមត្រូវនោះ ឱកាសជោគជ័យក៏មានខ្ពស់ដែរ ។ ខាងក្រោម គឺជាគន្លឹះមួយចំនួនដែលជួយឲ្យអាជីវករសម្រេចគោលដៅនេះ ៖
១. បង្ហាញតម្លៃអាជីវកម្មអ្នកឲ្យអតិថិជនដឹង
គ្រឿងបរិភោគ និងផលិតផលប្រើប្រាស់ផ្ទាល់ខ្លួនសុទ្ធតែជាផលិតផលដែលមានភាពប្រកួតប្រជែងខ្ពស់ ដូច្នេះអ្នកត្រូវតែធ្វើកិច្ចការជាច្រើនដើម្បីបង្ហាញថា ផលិតផលរបស់អ្នកជាជម្រើសល្អជាងគេក្នុងទីផ្សារ ។ អ្នកគួរតែផ្តោតសំខាន់ទៅលើចំណុចពិសេសរបស់ផលិតផលរបស់អ្នកពេលដែលធ្វើការផ្សាយពាណិជ្ជកម្ម ។
ប្រសិនបើផលិតផលដែលអ្នកដាក់លក់មិនមានចំណុចពិសេសច្រើនទេនោះ អ្នកអាចព្យាយាមផ្សព្វផ្សាយពីសកម្មភាពសង្គម និងបរិស្ថានមួយចំនួនដែលអាជីវកម្មរបស់អ្នកចូលរួម ឧទាហរណ៍ដូចជាការមិនប្រើប្លាស្ទិចជាដើម ។
២. ផ្តល់នូវជម្រើសដែលមានតម្លៃធូរថ្លៃ
អតិថិជនជាច្រើននឹងចៀសវាងការចាយវាយធំដុំក្នុងពេលេនះ ដូច្នេះពួកគេនឹងចាប់អារម្មណ៍ច្រើនទៅលើផលិតផលដែលមានតម្លៃសមរម្យ ។ ប្រសិនបើអ្នកសម្រេចចិត្តយកផលិតផលថ្មីមកលក់ អ្នកអាចលក់នូវជម្រើសដែលមានតម្លៃធូរថ្លៃ ឬផ្តល់ជាផលិតផលសម្រាប់សាកល្បងជាដើម ។ ការធ្វើដូច្នេះអ្នកទាក់ទាញអតិថិជនទាំងនោះឲ្យមករកអ្នកវិញប្រសិនបើពួកគេពេញចិត្តនឹងផលិតផល ។
៣. សម្របខ្លួនទៅតាមការផ្លាស់ប្តូរនៃតម្រូវការអតិថិជន
មិនទាន់មាននរណាម្នាក់អាចដឹងថាពិភពលោកក្រោយពេលកូវីដ ១៩ ត្រូវបានសាបរលាយនឹងមានរូបភាពយ៉ាងដូចម្តេចទេ ប៉ុន្តែអ្នកត្រូវតែគិតឲ្យបានវែងឆ្ងាយពីវិធីដែលធ្វើឲ្យផលិតផលរបស់អ្នកស្ថិតក្នុងផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ។
តម្រូវការរបស់មនុស្សតែងតែមានការផ្លាស់ប្តូរតាមពេលវេលា ដូច្នេះអាជីវករត្រូវតែមានភាពសកម្មក្នុងការតាមដាននូវការផ្លាស់ប្តូរផ្សេងៗក្នុងទីផ្សារ ។ អ្នកអាចអានព័ត៌មាន និយាយជាមួយអតិថិជនផ្ទាល់ និងតាមដានដៃគូប្រកួតប្រជែងរបស់អ្នកលើប្រព័ន្ធសង្គមជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព