ការសង្រួមវៀរចាកការប្រព្រឹត្តនូវទង្វើអាក្រក់ទាំង៨ដែលកើតតាមផ្លូវកាយនិងវាចាជាភារៈរបស់សាមញ្ញជនគ្រប់រូបគួរលះបង់ឱ្យបាន ដើម្បីសីលធម៌ និងសុជីវធម៌នៃជីវិតរស់នៅ ។
ទង្វើអាក្រក់តាមផ្លូវកាយដែលគួរវៀរចាកនោះមាន៤យ៉ាងគឺ កិរិយាសម្លាប់សត្វមានជីវិត១ ការលួច ឆក់ ប្លន់ បន្លំ កិបកេង ទ្រព្យសម្បត្តិរបស់អ្នកដទៃ១ កិរិយាប្រព្រឹត្តខុសក្នុងកាម មានការផិតក្បត់ សហាយស្មន់ លួចលាក់ ឬល្បួងលួងលោម ចាប់បង្ខំប្រពន្ធកូនអ្នកដទៃ១ ការសេពនូវគ្រឿងស្រវឹង គ្រឿងញៀន១ ។
ទង្វើអាក្រក់តាមផ្លូវវាចាដែលគួរវៀរចាកនោះមាន៤គឺ ការនិយាយកុហក់ ភូតភរ ឆបោក មួលបង្កាច់ បង្ខូចបញ្ឆោតបោកប្រាស់អ្នកដទៃ១ ការនិយាយពាក្យញុះញង់ បំបែកបំបាក់នាំឱ្យអ្នកដទៃឈ្លោះទាស់ទែងបាក់បែកប្រេះឆាគ្នា១ ការនិយាយពាក្យអាក្រក់ អាសគ្រាម មិនពីរោះ គំរោះគំរើយ ទ្រគោះបោះបោក ត្រមាំងត្រមោក ជេរប្រទេចផ្ដាសា ប្រមាទមើលងាយ រិះគន់អ្នកដទៃ១ និងការនិយាយរោយរាយឥតប្រយោជន៍១ ។
កាលបើយើងមិនប្រព្រឹត្តធ្វើទាំងតាមផ្លូវកាយ និងវាចាឱ្យបានគ្រប់ទាំង៨ចំណុចនេះ ឈ្មោះថាយើងមានសីលធម៌ល្អត្រឹមត្រូវ ថែមទាំងបានកុសលផលបុណ្យច្រើនជាអនេកទៀតផង ។