ភ្នំពេញ៖ ប្រទេសវៀតណាមកំពុងភ័យខ្លាំងពីការរាលដាលរលកទីពីរនៃកូវីដ-១៩ នៅទូទាំងប្រទេស ពិសេសនៅដាណាង ហូជីមិញ និងហាណូយ ចំណែកថៃក៏នៅតែប្រយ័ត្នរឿងកូវីដ-១៩នេះ ដោយបន្តការដាក់ ប្រទេសនៅក្នុងស្ថានភាពអាសន្នរហូតដល់ចុងខែសីហា។ រហូតមកដល់ពេលនេះ កម្ពុជាក៏មានកំណើនកូវីដ-១៩ ដល់ជាង ២៣០នាក់ហើយ ដែលសុទ្ធតែជាករណីនៃការនាំចូលពីខាងក្រៅ។ ប៉ុន្តែវាហាក់ដូចជាមិនមានករណី នាំចូលពីប្រទេសវៀតណាម និងថៃទេ។
ខណៈដែលប្រទេសទាំងពីរមានរបងជាប់កម្ពុជានោះ វាជាការចាំបាច់ត្រូវធានាថា កម្ពុជាមិនត្រូវប្រហែស តាមព្រំដែនជាមួយប្រទេសទាំងពីរឡើយ ហើយចាត់វិធានការគ្រប់យ៉ាងដើម្បីកុំឲ្យមានការនាំចូលតាមច្រកព្រំដែនប្រទេសទាំងពីរនេះតាមរយៈការរឹតបន្តឹងការត្រួតពិនិត្យព្រំដែន។ ស្ថានភាពកូវីដ-១៩ នៅវៀតណាមត្រូវប្រកាសឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានរកឃើញការឆ្លងក្នុងស្រុកនៅទីក្រុងសំខាន់ពីររបស់ខ្លួនគឺហាណូយ និងហូជីមិញ។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានព្រមានថា គ្រប់ខេត្ត និងក្រុងទាំងអស់ ស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ឡើងវិញ ហើយលោកឲ្យមានការចាត់វិធានការ កាន់តែខ្លាំង និងបន្ទាន់ដើម្បីទប់ស្កាត់។
ការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីមួយពីរករណីនៅហាណូយ ហូជីមិញ និងខេត្តដាក់ ឡាក់ កើតមានបន្ទាប់ពីខេត្ដដាណាងត្រូវបិទយ៉ាងតឹងតែងនៅពេលមានការរកឃើញអ្នកមាន កូវីដ-១៩ ជាង៤០ករណី។ ការរកឃើញករណីថ្មីៗនៃកូវីដ-១៩ នេះបានបំផ្លាញកេរ្តិ៍ឈ្មោះវៀតណាម ដែលជោគជ័យ នៅក្នុងការទប់ស្កាត់កូវីដ-១៩កន្លងមក។ កន្លងមកមុននេះ វៀតណាមមិនមានអ្នកណាស្លាប់ដោយសារកូវីដ-១៩ ឡើយ ហើយមានអ្នកឆ្លងកូវីដ-១៩ ចំនួន៤៥៩ករណីគិតត្រឹមថ្ងៃព្រហស្បតិ៍។
ចំណែកប្រទេសថៃវិញ បានបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីបន្តទប់ស្កាត់កូវីដ-១៩។ ថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួនជាង៣ ៣០០នាក់។ អ្វីដែលសំខាន់គឺប្រទេសទាំងពីរមានព្រំដែនជាប់ជាមួយកម្ពុជា ហើយកន្លងមកមានការចេញចូលមនុស្សច្រើន និងក៏ធ្លាប់មានករណីចេញចូលដែលខុសច្បាប់ផងដែរ ដែលករណីនេះត្រូវតែប្រយ័ត្នដើម្បីបញ្ចៀសការនាំចូលកូវីដ-១៩ តាមព្រំដែនប្រទេសទាំងពីរទោះបីជាការចេញចូលដោយស្របច្បាប់ និងខុសច្បាប់ក្តី៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព