ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានអ្នកជាសះស្បើយ ២នាក់ ជាស្រីជនជាតិខ្មែរ ១នាក់រស់នៅក្នុងរាជធានីភ្នំពេញ និងបុរសជនជាតិខ្មែរ រស់នៅក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយចំនួន ២នាក់នោះ មានស្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅគីឡូម៉ែត្រលេខ៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។
ចំណែកបុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុងស្រុកប្រាសាទគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាថយចុះនៅត្រឹម ៦៨នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៣៤នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៨៨នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៦៤នាក់ ដែលមានស្រី ៤២នាក់ និងប្រុស ១២២នាក់ ស្មើនឹង ៧០,០៩%៕