“ព្រះទ្វារមណ្ឌល” អ្នករក្សាព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យ និងព្រះមហាស្វេតច្ឆត្រ
ព្រះទ្វារមណ្ឌលត្រូវបានសាងសង់ឡើងស្របនឹងវេលាដែលសង់ព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យ ពោលគឺក្នុងឆ្នាំឆ្លូវ ព្រះពុទ្ធសករាជ ២៤១០ ត្រូវគ្នានឹងឆ្នាំ១៨៦៦នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទនរោត្តម។
លុះចូលដល់រជ្ជកាលព្រះករុណា ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣ ហ្លួងទ្រង់ចាត់ឱ្យជាងរុះរើ ព្រះទ្វារមណ្ឌលនេះចេញដើម្បីពង្រីកព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យឱ្យកាន់តែទូលាយជាងមុនដោយធ្វើថ្មីបណ្ដោយ៦០ម៉ែត្រទទឹង៣០ម៉ែត្រ និងមានកំពូលស្រួចកម្ពស់៥៩ម៉ែត្រ។
ប្រាសាទទេវាសង់រួចរាល់ក្នុងឆ្នាំ១៩១៧ លុះពីរឆ្នាំក្រោយមក គឺនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ១៩១៩ ទើបហ្លួងចាត់ឱ្យរៀបចំព្រះរាជពិធីសម្ពោធជាផ្លូវការ។
ព្រះទ្វារមណ្ឌលមានអាយុកាលស្ថិតក្នុងបរិវេណ ព្រះបរមរាជវាំងចតុម្មុខសិរីមង្គល រាជធានីភ្នំពេញរបស់យើង បានតែ៤៧ឆ្នាំប៉ុណ្ណោះ ក្រោយមកស្ថាបត្យកម្មព្រះទ្វារនេះក៏បានរលត់បាត់ស្រមោលទៅវិញសូន្យឈឹងដល់បច្ចុប្បន្ន៕
កែសម្រួល៖ WowCambodian /ប្រភព៖ Colorise & Old Photos of Cambodia