ខេត្តក្រចេះ៖ សិស្សពូកែ៣០នាក់ បានទទួលវិញ្ញាបនបត្រជ័យលាភីសិស្សពូកែ លើមុខវិជ្ជាផ្នែកអក្សរសីល្ប៍ខ្មែរ -គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ ទូទាំងខេត្ត ក្នុងឆ្នាំ២០២០។ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ជាអ្នកប្រគល់វិញ្ញាបនបត្រ។
តាមការបញ្ជាក់ពីប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី៣០ កក្កដា នេះលោក ឡាយ បូរ៉ា បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំសិក្សា ១៩៩៦ មកម្ល៉េះ ។
ដោយកាលនោះ ការប្រឡងនេះមានឈ្មោះថា «ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រ និងគណិតវិទ្យា ដើម្បីទទួលពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ»” ។ ហើយមកទល់ពេលនេះ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ខេត្តក្រចេះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសីល្ប៍ខ្មែរ-គណិតវិទ្យា និងរូបវិទ្យានៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ។
ជាលទ្ធផលទទួលបានចំនួន៣០រូប ដោយក្នុងនោះ មាន ថ្នាក់ទី១២ ផ្នែកវិញ្ញាសាអក្សរសីល្ប៍ខ្មែរចំនួន៥រូប ជ័យលាភី១នាក់(ស្រី) ។ ផ្នែកវិញ្ញាសារគណិតវិទ្យាមានចំនួន៥រូប ជ័យលាភី១នាក់ (ស្រី) ។ ផ្នែកវិញ្ញាសាររូបវិទ្យា មាន៥រូប ជ័យលាភី១នាក់ (ស្រី) ហើយសម្រាប់ថ្នាក់ទី ៩ វិញ្ញាសារផ្នែកអក្សរសិល្ប៍ខ្មែរ មានចំនួន ៥រូប ជ័យលាភី១នាក់ (ស្រី) ។ ផ្នែក វិញ្ញាសារគណិតវិទ្យាមាន៥នាក់ ទទួលបានជ័យលាភី១នាក់ ប្រុស និងផ្នែកវិញ្ញាសាររូបវិទ្យា មាន៥នាក់ ទទួលបានជ័យលាភី១នាក់ (ស្រី) ។
លោកអភិបាលខេត្តក្រចេះ បានគាំទ្រដល់សិស្សានុសិស្ស និងសូមបង្កើននូវសមត្ថភាព និងលទ្ធភាពបន្តទៀត ដើម្បីឲ្យដល់គោលដៅ ហើយត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមលើជំនាញមុខវិជ្ជាដែលកំពុងត្រៀម ទៅប្រកួតប្រជែងបន្តទៀត ហើយក៏សូមជម្រុញលើកទឹកចិត្ត ដល់សិស្សដែលមិនបានជាប់ជ័យលាភី សូមកុំឲ្យបាក់ទឹកចិត្ត ទោះមិនជាប់ជ័យលាភីសិស្សពូកែ ក៏ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ ៕ ត្នោត