ដើម្បីឱ្យការបំពេញកិច្ចការរួមបានសុខជានឹងគ្នា មនុស្សគ្រប់រូបគួរមានចិត្តមេត្តា យកការយោគយល់ជាធំព្រោះថាការបំពេញការងាររួមលែងអីនឹងមានប៉ះពារពាក្យសម្តីគ្នាខ្លះនោះ ដូច្នេះគប្បីប្រតិបត្តិតាមលំអានធម៌៦ប្រការ ដែលលោកចាត់ថាជាគុណធម៌យ៉ាងពិសេសគឺៈ
១-អប់រំកាយចិត្តប្រកបដោយមេត្តាគឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាដូចជា សម្តែងទឹកមុខញញឹមរកគ្នាជាដើម ។
២-ប្រាប់នូវអ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តីគោរពរាប់អានគ្នាដោយពាក្យសម្ដីទន់ភ្លន់ ។
៣-ចងចិត្តគិតល្អ គឺគិតអ្វីដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម គិតក្នុងគោលបំណងល្អ ។
៤-ពេលបានរបស់អ្វី ទោះតិចឬច្រើនក៏យកមកចែករំលែកគ្នាបរិភោគតាមការគួរ គឺមិនហួងហែងទុកបរិភោគតែម្នាក់ឯងនោះទេ ។
៥-ប្រព្រឹត្តសុចរិតត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នា គោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមក មានសីលធម៌ប្រចាំជីវិត
៦-មានចិត្តគំនិតដូចគ្នាដែលជាគោលការណ៍ដ៏សំខាន់ មានឆន្ទៈ និងឧត្តមគតិឆ្ពោះទៅរកសេចក្តីសុខ ។
សមាគមណាមានគុណធម៌ទាំង៦ប្រការនេះ សមាគមនោះនឹងមានការរួបរួមសាមគ្គីគ្នាដ៏រឹងមាំ រួមសុខ រួមទុក្ខនឹងគ្នាលុះអវសាន ។ដោយ៖ កោះសន្តិភាព