ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចុះបង្ក្រាបចាប់ជនជាតិចិនដែរចាប់ជំរិតជនជាតិចិនដូចគ្នា ពីខេត្តកំពង់សោមមកនៅក្នុងបុរី សីរ៉ែន វីឡា កាលពីវេលាម៉ោង ១២ និង ២នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ ១០០៧ ផ្លូវបេតុង ក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានចំនួន ៣នាក់ជាក្មេង ជំទង់ អាយុប្រហាក់ប្រហែល18ទៅ19ឆ្នាំជាជនជាតិចិន ។ ជនរងគ្រោះទាំងបីនាក់នេះបានចេញពីធ្វើការ នៅហាងមួយកន្លែងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២០មកម្លេះ គាត់ ដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ក៏ស្រាប់តែមាន រថយន្ត ម៉ាកអាផាត ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BC.5178 មានគ្នា ៣នាក់ ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើក រត់មកភ្នំពេញមកដាក់បង្ខាំង នៅផ្ទះបុរីខាងលើ។
បានជំរិតទារប្រាក់ពីជនរងគ្រោះរាប់មុឺនដុល្លា ហើយក៏ធ្វើទារុណកម្ម យកកាំបិត និងដំបងឆក់មុខមាត់បណ្ដាលឱ្យជនរងគ្រោះឈាមមាត់ ស្លេកស្លាំងញាប់ដៃញាប់ជើង បង្អត់បាយចំនួនបីថ្ងៃក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន ២០ម៉ឺនយែន ជាលុយចិនទៅឱ្យជនសង្ស័យ។ ជនរងគ្រោះខ្លះអត់លុយឲ្យធ្វើបាបស្ទើរស្លាប់។
ជនរងគ្រោះម្នាក់បានរត់ចេញតាមសំយ៉ាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលីស ជនសង្ស័យដឹងថាបែកការណ៏ហើយ បានប្រមូលអីវ៉ាន់ចាកចេញពីផ្ទះពេលដែលសមត្ថកិច្ចបានទទួលព័ត៌មាន បានភ្លាមៗ លោកអធិការខណ្ឌសែនសុខបាននាំកម្លាំងនិងគណៈបញ្ជាការឯកភាពប្រជាការពារបានចុះទៅដល់ទីតាំងខាងលើហើយក៏លោមព័ទ្ធចាប់បានជនជាតិចិនដែលជាជនសង្ស័យចំនួន ២នាក់ និងរត់រួចម្នាក់ ហើយព្រមទាំងរំដោះជនរងគ្រោះបានចំនួន ៣នាក់ ខណៈបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំ និងបន្តទៅតាមនីតិវិធីនៃច្បាប់៕ ផេង ភាព