រាជធានីភ្នំពេញ ៖ ជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រែទោះបីគេមិនសូវឱ្យតម្លៃតែវាជាការងារ ដ៏ល្អមួយដែលមិនចាំបាច់លាដៃសុំលុយគេចាយ និងមិនចាំបាច់ធ្វើចំណាកស្រុក ។ នេះបើ តាមការប្រាប់ឱ្យដឹងពីអ្នកស្រី ខេង បូរ៉េន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ និងភ្ញាស់ កូនមាន់ ដែលមានទីលំនៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកស្រី ខេង បូរ៉េន ដែលស្ថិតក្នុងវ័យ ៣៤ឆ្នាំបានប្រាប់ «កោះសន្តិភាព» ឱ្យដឹងទៀតថា ៖ មុខរបរចិញ្ចឹមមាន់ ទោះជាមិនទាន់មានចំណេះជំនាញច្បាស់លាស់ ក៏មិនជាបញ្ហាចោទនោះ ទេ ។ អ្វីដែលសំខាន់មុនមានចំណេះជំនាញទៅទៀតនោះ គឺចិត្ត និងបេះដូង ។ អ្នកស្រីបាន ចោទជាសំណួរថា ការចិញ្ចឹមមាន់យើងធ្វើតាមអារម្មណ៍ ឃើញគេជោគជ័យធ្វើតាមគេ ឬយក បេះដូងមកធ្វើ ? បើធ្វើតាមអារម្មណ៍ ឬធ្វើតាមគេ ថ្ងៃណាមួយអ្នកនឹងជិនណាយ ជួបឧបសគ្គ បន្តិចបន្តួច អ្នកនឹងអស់ចិត្ត អស់អារម្មណ៍ ។ តែបើធ្វើតាមបេះដូង អ្នកប្រាកដជាជោគជ័យ ពីព្រោះអ្នកដឹងថា បេះដូងអ្នកចង់បានអ្វី ដើម្បីបានវាអ្នកនឹងខិតខំរៀនសូត្រ ស្រាវជ្រាវ ស្រូប យកចំណេះជំនាញដែលអ្នកខ្វះខាត ដើម្បីសម្រេចបំណង បំពេញតម្រូវការបេះដូងរបស់អ្នក ។
ចំពោះអ្នកស្រីផ្ទាល់កាលដើមឡើយជាកម្មកររោងចក្រកាត់ដេរ រីឯប្តីជាអ្នករត់ម៉ូតូឌុប មុខរបរទាំងពីរនេះមិនបានធ្វើឱ្យជីវភាពគ្រួសារបានធូរធានោះទេ គឺកាន់តែយ៉ាប់យឺនទៅៗ ស្របពេលអ្នកស្រីមានកូនដំបូងទៀត ។ អ្នកស្រី បូរ៉េន បានចាប់យកមុខរបរលក់អុសមួយ ទៀតនៅតែមិនអាចជួយសម្រួល ជីវភាពប្រចាំថ្ងៃរបស់អ្នកស្រីបានឡើយស្របពេលអុសកាន់ តែខ្សត់ទៅៗ ។
នៅឆ្នាំ ២០០៩អ្នកស្រីក៏សម្រេចចិត្តជាមួយប្តីទៅខ្ជីលុយគេមួយចំនួនយកមកទិញមាន់ ២០០ក្បាលចិញ្ចឹមយកសាច់លក់ និងរស់នៅក្នុងខ្ទមដ៏កម្សត់មួយនៅភូមិវែង សង្កាត់ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់សព្វថ្ងៃ ។
នៅឆ្នាំដំបូងនៃការចិញ្ចឹមមាន់ស្រែយក សាច់លក់នេះអ្នកស្រីជួបផលវិបាកយ៉ាងច្រើនសឹងតែមានពេលខ្លះអ្នកស្រី និងប្តីចង់បោះបង់ ការចិញ្ចឹមមាន់នេះ ដោយសារគាត់គ្មានជំនាញសោះ ប៉ុន្តែអ្វីដែលសំខាន់មុនមានចំណេះជំ នាញទៅទៀត គឺចិត្ត និងបេះដូងទើបគាត់ទទួលបានជោគជ័យមកដល់បច្ចុប្បន្ន ។
អ្នកស្រី ខេង បូរ៉េន ដែលកំពុងតែឱ្យចំណីមាន់បានបញ្ជាក់ថា ៖ បច្ចុប្បន្នអ្នកស្រី និងប្តី ទទួលបានជោគជ័យក្នុងមុខរបរចិញ្ចឹមមាន់ស្រែយកសាច់ និងភ្ញាស់កូនមាន់ស្រែលក់ព្រម ទាំងបន្ថែមមុខរបរមួយទៀត គឺលក់ចំណីសត្វផងដែរ ។ ជាមួយគ្នានេះដែរអ្នកស្រីបានពង្រីកទី តាំងចិញ្ចឹមមាន់ និងភ្ញាស់យ៉ាងទូលំទូលាយមិនដូចកាលពីប៉ុន្មានឆ្នាំកន្លងមកឡើយ ដោយ មានមាន់ស្រែទាំងមេទាំងឈ្មោលរាប់រយក្បាល និងកូនមាន់ស្រែរាប់ពាន់ក្បាលផងដែរ ។
ក្នុងមួយឆ្នាំអ្នកស្រីរកចំណូលបានមិនក្រោមមួយម៉ឺនដុល្លារនោះទេ ការកើនចំណូល នេះក៏ដោយសារមុខរបរចិញ្ចឹមមាន់ស្រែរបស់អ្នកស្រីមិនដែលជួបហានិភ័យម្តងណាឡើយ ទោះជាបច្ចុប្បន្នមានកើតជំងឺកូវីដ ១៩ ក្តី ។ ម្យ៉ាងអ្នកស្រីក៏មានបទពិសោធន៍ច្រើនក្នុងវិធាន ការការពារជំងឺមាន់ផ្សេងៗផងដែរ ។
ដោយឡែកលោក ចាន់ សាមីន រស់នៅភូមិស្អាងភ្នំ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល ដែលពីមុនបានធ្វើចំណាកស្រុកឥឡូវបានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែផងដែរ ដែលលោក បានឱ្យដឹងថា ៖ កាលដើមឡើយគាត់តែងតែធ្វើចំណាកស្រុកទៅប្រទេសថៃ តែការធ្វើចំណាក ស្រុកនេះមិនបានជួយឱ្យក្រុមគ្រួសារមានជីវភាពធូរធានោះទេមានតែយ៉ាប់ទៅៗ ។ ឃើញ ដូច្នេះគាត់សម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ ហើយក្រោយមក ដោយសារមានការជួយចង្អុលបង្ហាញបច្ចេកទេសការចិញ្ចឹមមាន់ពីមិត្តភ័ក្ត្រគាត់ក៏កែប្រែការចិញ្ចឹមជាលក្ខណៈគ្រួសារទៅជាកសិដ្ឋានចិញ្ចឹមមាន់ស្រែយកសាច់លក់អស់រយៈពេលជិត ១០ ឆ្នាំមកហើយ ដែលបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់រីកចម្រើនរហូតអាចឱ្យកូនប្រុសស្រីរៀនដល់ថ្នាក់អនុបណ្ឌិតថែមទៀតផង ។
លោក សាមីន បានបញ្ជាក់ថា ៖ ការចិញ្ចឹមមាន់ស្រុក ផ្តល់ប្រភពចំណូលបន្ថែមជា ប្រចាំដល់គ្រួសារ ដោយចំណាយពេលទំនេរ និងធនធានមួយចំនួនប៉ុណ្ណោះ ។ ទិញកូនមាន់ ស្រុកពីកន្លែងភ្ញាស់ដែលបានគ្រប់គ្រងតាមបច្ចេកទេសត្រឹមត្រូវ អាចជួយមិនឱ្យមាន់មានជំងឺ កាចសាហាវនានា ។ ពូជមាន់ក្នុងស្រុកពេញនិយមពីអ្នកទទួលទាន មានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលលក់ និងមានតម្លៃថ្លៃ ។
តាមរយៈបច្ចេកទេសចិញ្ចឹម កូនមាន់ស្រុក ១ក្បាល (អាយុ ២១ថ្ងៃ) ចិញ្ចឹមក្នុងរយៈពេល តែ ៨៥ថ្ងៃអាចទទួលបានទម្ងន់ជាមធ្យម ១,២គីឡូក្រាម ។ តាម បទពិសោធន៍កន្លងមកកសិករ ចិញ្ចឹមអាចទទួលបានប្រាក់ចំណេញក្នុង ១គីឡូក្រាមមាន់រស់ ជាមធ្យមពីតម្លៃពី ៦០០០ ទៅ ៧០០០រៀល ។ ប្រាក់ចំណូលសរុបនឹងកើនឡើងបើ កសិករចិញ្ចឹមកូនមាន់ស្រុក បំប៉នយក សាច់កាន់តែច្រើន ។
តើកូនមាន់ពូជក្នុងស្រុកតាមកសិដ្ឋានភ្ញាស់មានគុណសម្បត្តិអ្វីខ្លះ សម្រាប់យកទៅ ចិញ្ចឹមបំប៉នលក់ ? គឺកូនមាន់មានសុខភាពល្អ និងលូតលាស់លឿន, មានអាយុពី ២១ ដល់ ៣០ថ្ងៃ និងមានទម្ងន់សមស្របសម្រាប់ចិញ្ចឹម, មាន់ស្រុកពេញនិយមពីអ្នកបរិភោគ (ងាយ ស្រួលលក់), ចិញ្ចឹមមិនងាយឈឺ ដោយបានចាក់វ៉ាក់សាំងការពារជំងឺ ២-៣ មុខរួចជាស្រេច (ជំងឺញ៉ាវកាស កំបូរ៍ និង អុត ) ។
អ្នកចិញ្ចឹមត្រូវចាក់បន្ថែមវ៉ាក់សាំងជំងឺអាសន្នរោគនៅពេលមាន់អាយុបាន ២ខែ ។ តើ ចិញ្ចឹមមាន់សាច់ដូចម្តេចឱ្យទទួលបានជោគជ័យ ? គឺការសង់ទ្រុងគំរូចិញ្ចឹមបំប៉នកូនមាន់ សាច់, ធ្វើទ្រុងលើដីមិនលិចទឹក និងមានខ្យល់ចេញចូលល្អ, ជញ្ជាំងរោងដេកយប់ព័ទ្ធដោយ រនាបឫស្សី, បាំងសំណាញ់ចេញក្រៅចំងាយពី ៣ ទៅ ៤ម៉ែត្រ និងចែក ខណ្ឌជាបន្ទប់ៗ សម្រាប់មាន់ដើរខាងក្រៅ និងហាលថ្ងៃ, ខាងក្នុងមានធ្នើរសម្រាប់មាន់ដេក ដែលមានកម្ពស់ ពីដី ០,៧ម៉ែត្រ និងបន្ទាទទទឹងធ្នើប្រវែង ០,៧ម៉ែត្រ, ក្នុងផ្ទៃដី ១ម៉ែត្រការ៉េ (កន្លែងដេកយប់) អាចដាក់មាន់បានពី ៧ ទៅ ៨ក្បាល ។
លោក ចាន់ សាមី ឱ្យដឹងទៀតថា បច្ចុប្បន្នគាត់ចិញ្ចឹមមាន់ស្រែជិតមួយម៉ឺនក្បាលទាំង ញីទាំងឈ្មោលក្នុងមួយថ្ងៃម៉ូយមកពីបណ្តាលស្រុកនានាទិញម្នាក់ៗពី ៣០ ទៅ ៤០ក្បាលយក ទៅលក់បន្តហើយក្នុងមួយខែគាត់រកចំណូលបានប្រហែលពី ១០០០ ទៅ ១៥០០ដុល្លារ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
ការចិញ្ចឹមមាន់ស្រែយកសាច់លក់នេះមិនមែនងាយនោះទេគាត់ធ្លាប់ជួបហានិភ័យចំនួនពីរលើកមកហើយ ។ គាត់បានខិតខំរៀនសូត្រ ស្រាវជ្រាវយកចំណេះជំនាញដែលខ្វះខាត ដើម្បីសម្រេចបំណង ដើម្បីបំពេញតម្រូវការបេះដូងរបស់គាត់រហូតទទួលជោគជ័យ ។
លោក សាមី បានរំឭកថា ដើម្បីកុំឱ្យមាន់កើតជំងឺចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារមុនពេលសត្វឈឺ, ត្រូវចាក់វ៉ាក់សាំងការពារដល់មាន់ទាំងអស់ និងទៀងទាត់, មាន់ ១ក្បាល ត្រូវផ្តល់វ៉ាក់សាំងការ ពារយ៉ាងតិចបំផុតឱ្យបាន ៤មុខ (ជំងឺញៀវកាស កំបូរ៉ូ អុតមាន់ និងអាសន្នរោគ) និងត្រូវផ្តល់ ថ្នាំទម្លាក់ព្រូនរៀងរាល់ ៣ខែម្តង ៕