ខេត្តបាត់ដំបង៖ «ពួកខ្ញុំ.. ទៅបង្រៀនសិស្ស មិនដែលខកខានទេ បើទោះជាមួយព្រឹកពួកខ្ញុំត្រូវជិះម៉ូតូទៅបង្រៀនសិស្ស នៅតាមមូលដ្ឋានច្រើនកន្លែងក្ដី ។ ព្រោះយើងចង់ឲ្យសិស្សចេះ.. តែអាណាព្យាបាលសិស្សមួយចំនួនទេ ហាក់មិនបានគិតគូរពីការរៀនសូត្ររបស់កូនៗ និងមិនជួយជម្រុញឲ្យកូនៗរបស់ខ្លួនទៅរៀនទេ»។ នេះជាការលើកឡើងព្រមៗគ្នា របស់លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សា«ធ្ង័រ» ដែលស្ថិតនៅក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់។
សាលាបឋមសិក្សានៅចុងកាត់មាត់ញកមួយនេះ មានចម្ងាយប្រមាណជាង៣០គ.មពីទីរួមខេត្តបាត់ដំបង តែមានចម្ងាយប្រហែលជាង១០គ.ម ពីទីរួមស្រុកបាណន់។ នៅទី នោះ គេមិនឃើញមានមនុស្សម្នាទេ ។ សាលារៀនត្រូវបានបិទទ្វារ ស្ថិតក្នុងស្ថានភាពស្ងាត់ជ្រងំ។ ប៉ុន្តែគេឃើញកូនសិស្សមួយក្រុមកំពុងផ្ដុំគ្នារៀនសូត្រ នៅក្រោមម្លប់ឈើ និង នៅក្នុងរោងប្រក់ស័ង្កសី ជញ្ជាំងក្ដាមួយកន្លែង ជាប់នៅខាងត្បូង នៃរបងសាលារៀននោះ។ គេឃើញលោកគ្រួម្នាក់ និង អ្នកគ្រួម្នាក់ទៀត កំពុងប្រឹងប្រែងបង្រៀនសិស្សប៉ុន្មាននាក់ ដែលស្ថិតនៅម្ខាងជញ្ជាំងម្នាក់ ខណៈគេឃើញមានកូនសិស្សមួយក្រុមទៀតកំពុងនាំគ្នាអង្គុយយោលអង្រឹងក្នុងរោងគោ រង់ចាំអ្នកគ្រូរបស់ពួកគេមកបង្រៀន។
សំលេងអានមេរៀនត្រាប់តាមគ្រូព្រមៗគ្នា តែរំខានដល់ក្រុមសិស្សដទៃដែលកំពុងរៀននៅម្ខាងជញ្ជាំងក្បែរនោះទេ។ គេឃើញសិស្សអាយុក្រោម១០ឆ្នាំ ចំនួន០៤នាក់ អង្គុយលើគ្រែក្រោមម្លប់ដើមអំពិល ហើយនាំគ្នាអានអក្សរនៅលើក្រដាស កាតុងស មានទំហំតូចមួយព្យួរ ជាប់នឹងជញ្ជាំង ដែលបង្រៀនដោយ លោកគ្រូ ជឿម សាវឿង ខណៈនៅម្ខាងជញ្ជាំងទៀត មានអ្នកគ្រូ អាត អេឡែន កំពុងបង្រៀនសិស្សរបស់គាត់ចំនួន០២នាក់យ៉ាងស្ងាត់ស្ងៀមបំផុត ។ ប៉ុន្តែពួកគាត់ អាចឆ្លៀតផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពបានខ្លះៗ ដែលពិពណ៌នាអំពីការលំបាក នៃការបង្រៀនសិស្ស ក្នុងអំឡុងពេលកំពុងផ្ទុះជំងឺ«កូវីដ១៩» ដែលគ្មានសញ្ញាថមថយសោះនៅពេលនេះ។
ងាកពីការពន្យល់សិស្សបន្តិច លោកគ្រូ ជឿម សាវឿង បានបរិយាយប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី២៩ កក្កដា អំពីដំណើរការទូទៅ នៃការបង្រៀនសិស្សដូច្នេះថា «ជិត២ខែហើយ ដែលលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាធ្ង័រ បង្រៀនសិស្សបែបកញ្ឆក់កន្ដៀត នៅខាងក្រៅសាលា ដោយសារខ្លាចជំងឺកូវីដ១៩ ហើយសាលាដទៃទៀតក៏ធ្វើដូចគ្នាដែរ»។ តើលោកគ្រូ អ្នកគ្រូ ដែលមកបង្រៀនសិស្សបែបនេះ ជួបការលំបាកបែបណាដែរ ? លោកគ្រូ ជឿម សាវឿង បានថ្លែងថា « យើងជួបការលំបាកច្រើនដែរ.! ពិបាកក្នុងការប្រមូលក្មេងតាមផ្ទះឲ្យមករៀន ពិបាកបង្រៀនពេលមានភ្លៀងធ្លាក់ជោគជាំ ព្រោះកន្លែងខ្លះត្រូវរៀនក្រោមដើមឈើ។ ប៉ុន្តែបើមានរោងគោយើងចេះតែប្រជ្រៀតចូលរៀនទៅ.. តែបើចូលបង្រៀនតាមផ្ទះអ្នកស្រុក ខ្លាចឆ្កែខាំក្មេងៗ ព្រោះធ្លាប់ត្រូវឆ្កែខាំក្មេងម្ដងហើយ..»។
ដោយឡែក អ្នកគ្រូ អាត អេឡែន វិញ ដែលកំពុងបង្រៀនសិស្សថ្នាក់ទី៥របស់គាត់ចំនួន០២នាក់ នៅម្ខាងជញ្ជាំងនៃរោងនោះ ហាក់បង្ហាញពីក្ដីបារម្ភខ្លាំងបំផុត «ខ្លាចសិស្សមិនចេះអក្សរ» បើទោះជាអ្នកគ្រូ បានត្អូញត្អែរពីការលំបាកខ្លះៗ ក្នុងការទៅបង្រៀន និង គ្មានសិស្សមករៀនក្ដី។ អ្នកគ្រូ អាត អេឡែន បាននិយាយដូច្នេះថា «ខ្ញុំ បារម្ភបំផុតខ្លាចសិស្សមិនចេះអក្សរ.! ព្រោះកាលបង្រៀននៅសាលា សិស្សនៅជុំគ្នា រៀនបានត្រិមត្រូវគ្រប់ម៉ោង តាមស្ដង់ដារបស់ក្រសួង តែពេលចាប់ផ្ដើមផ្ទុះជំងឺកូវីដ១៩ សិស្សបាត់អស់៥០% ។ ដូច្នេះ ខ្ញុំបារម្ភថា ពេលឡើងថ្នាក់ពួកគេត្រូវជួបការលំបាក ឬ ត្រូវធ្វើតេស្ដពួកគេយ៉ាងម៉េច ? រីឯអាណាព្យាបាលវិញ ហាក់មិនបានជួយជម្រុញកូនៗឲ្យបានរៀនសូត្រទាល់តែសោះ»។
អ្នកគ្រូ អេឡែន បានពោលថា អាណាព្យាបាលសិស្សភាគច្រើន គឺគាត់ហាក់មិនបានជួយជម្រុញ ឲ្យកូនៗរបស់គាត់មករៀនសូត្រទេ ពេលដែលយើងបើកបង្រៀននៅក្នុងអំឡុងផ្ទុះជំងឺកូវីដ១៩នេះ។ ហើយរហូតមកដល់ពេលនេះ ពួកគេភាគច្រើនអត់បានមករៀនទេ។ អ្នកគ្រូបានប្រាប់ថា លោកគ្រូ អ្នកគ្រូ រួមទាំងលោកនាយកសាលាផង បានព្យាយាមផ្ដល់ព័ត៌មាននេះ ដល់អាណាព្យាបាល ថែមទាំងបានចុះពន្យល់ដល់ផ្ទះទៀត ដើម្បីឲ្យពួកគាត់ជួយជម្រុញកូនមករៀន។ ប៉ុន្តែបែរជាពួកគាត់យល់ថា «ខ្លាចកូនៗរៀនមិនចេះ និងខ្លាចឆ្លងជំងឺកូវីដ» ទើបពួកគាត់មិនព្រមឲ្យកូនមករៀន។ អ្នកគ្រូ បានបញ្ជាក់ថា ពេលខ្លះ យើងទៅដល់ផ្ទះពួកគាត់ ដើម្បីពន្យល់អំពីការរៀនសូត្រក្នុងអំឡុងកូវីដនេះ តែត្រូវគាត់ព្រមានក្រោមហេតុផលផ្សេងៗត្រឡប់មកយើងវិញយ៉ាងចាស់ដៃ។ ដូច្នេះអ្វីដែលយើងបារម្ភគឺខ្លាចសិស្សទាំងនោះ មិនចេះអក្សរ ព្រោះពេលនេះពួកគេមិនបានរៀនសូត្រក្នុងរយះពេលយូរអង្វែង។
ជាមួយនឹងការលើកឡើង របស់លោកគ្រូ អ្នកគ្រូខាងលើនេះ នាយកសាលាបឋមសិក្សា«ធ្ង័រ» លោក ថោង សារ៉ាត់ ក៏បានថ្លែងប្រាប់កោះសន្តិភាព អំពីការលំបាកក្នុងការបង្រៀនសិស្ស ក្នុងសម័យ«កូវីដ១៩» នេះដែរ។ លោកនាយកសាលារូបនេះ បាននិយាយថា សិស្សជាងពាក់កណ្ដាលមិនបានមករៀនទេ នៅពេលបើកបង្រៀនក្នុងសម័យកូវីដ១៩នេះ។ ហើយបើតាមមើល គឺ ពួកគេហាក់មិនចង់មករៀនតែម្ដង។ រីឯឪពុកម្ដាយវិញ ភាគច្រើននៅតែគិតខុសថា «រៀនអីចឹងមិនចេះ» និង ដោយសាររដូវនេះ ជារដូវដាំដុះផង ពួកគាត់ទៅធ្វើស្រែចំការឆ្ងាយត្រូវយកកូនៗទៅតាម រីឯកូនៗខ្លះត្រូវឲ្យនៅចាំផ្ទះ ទើបធ្វើឲ្យកូនៗទាំងនោះមិនបានរៀនសូត្រ។
លោក ថោង សារ៉ាត់ បានថ្លែងថា ការបង្រៀនសិស្សក្នុងអំឡុងផ្ទុះជំងឺកូវីដ នេះមិនមែនបង្រៀនពេញម៉ោងមួយថ្ងៃៗទេ គឺ បង្រៀនមួយព្រឹក និង បង្រៀនចល័តឆ្លាស់ម៉ោងគ្នា។ នៅពេលសួរថា ការបង្រៀននៅក្នុងអំឡុងផ្ទុះជំងឺកូវីដបែបនេះ តើលោកគ្រូ អ្នកគ្រូ ជួបការលំបាកយ៉ាងម៉េចដែរ ? លោក នាយកសាលារូបនេះ បានផ្ដល់ចម្លើយយ៉ាងដូច្នេះថា « ពួកគាត់ជួបការលំបាកច្រើនដែរ.. លំបាកជាងគេ គឺការប្រមូលក្មេងឲ្យចូលរៀន។ អាណាព្យាបាលហាក់មិនចង់ឲ្យកូនចូលរៀនសោះ..! ពួកគាត់យល់ថា រៀនមិនចេះ។ បើរៀនតាមទូរទស្ស គឺ ក្មេងអត់រៀនសោះ.! នេះជាការលំបាកបំផុត»។
សាលាបឋមសិក្សា«ធ្ង័រ» មានតែមួយខ្នងប៉ុណ្ណោះ មានបន្ទប់រៀនចំនួន០៥ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ និង មានសិស្សានុសិស្សសរុបចំនួន១៤៦នាក់។ លោកថោង សារ៉ាត់ នាយកសាលាបឋមសិក្សានេះ បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៩ កក្កដា នេះថា ការបើកបង្រៀនសិស្សនៅក្នុងអំឡុង នៃការរីករាលដាលជំងឺ«កូវីដ១៩»នេះ មានរយៈពេលជិត២ខែកន្លងមកហើយ តាមគោលការណ៏របស់ក្រសួង និង មន្ទីរអប់រំយុវជននិងកីឡា ខេត្ត។
សិស្សដែលបានរៀនសូត្រនៅពេលនេះ គឺ មានប្រហែល៤៨% តែប៉ុណ្ណោះ។ លោក បានបញ្ជាក់ដែរថា សព្វថ្ងៃយើងបានបែងចែកទីតាំងបង្រៀនសិស្សដល់មូលដ្ឋានមានចំនួន៦កន្លែង។ កន្លែងខ្លះត្រូវបង្រៀនក្រោមដើមឈើ ក្នុងរោងគោ នៅតាមសាលាឆទាន ឬ នៅក្រោមផ្ទះក៏មានដែរ តែមិនឲ្យលើសពី១០នាក់ឡើយ ក្នុងមួយកន្លែងៗ ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព