ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវទៅមន្ទីរពេទ្យប្រសិនបើមានជំងឺគ្រុនឈាម ព្រោះការនៅផ្ទះអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត។ លោកអភិបាលខេត្តលើកឡើងបែបនេះ នៅពេលចុះទៅដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ខណៈពេលដែលលោក អភិបាលខេត្តបានចុះដាក់ថ្នាំអាបែត បាញ់ថ្នាំសម្លាប់មូស ព្រមទាំងចែកម៉ុងជ្រលក់ថ្នាំជូនប្រជាពលរដ្ឋ ក៏បានប្រទះឃើញប្រជាពលរដ្ឋមួយចំនួន កំពុងសម្រាកព្យាបាលនៅតាមផ្ទះដោយកើតជំងឺគ្រុនឈាម ដែលឃើញមានដាក់សេរ៉ូមព្យួរព្យាបាលតាមផ្ទះជាដើម នេះជាការព្រួយបារម្ភពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ ក្រោយពេលពិនិត្យឃើញស្ថានភាពអ្នកជំងឺគ្រុនឈាមនេះ។
គ្រានោះ លោកអភិបាលខេត្តបន្ទាយមានជ័យ ល៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានកូនចៅកំពុងគ្រុនឈាម ត្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ មិនអាចទុកព្យាបាលនៅតាមផ្ទះបានឡើយ ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់បានគ្រប់ពេល។
ក្រោយពេលលោកអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់ប្រជាពលរដ្ឋរួច ក៏បានឱ្យមន្ទីសុខាភិបាលខេត្ត យករថយន្តសង្គ្រោះមកដឹកអ្នកជំងឺដែលកំពុងគ្រុនឈាមទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបមានសុវត្ថិភាព ព្រោះមន្ទីរពេទ្យមានគ្រូពេទ្យជំនាញ ហើយមានបរិក្ខារពេទ្យព្យាបាលគ្រប់គ្រាន់ ដែលអាចព្យាបាលជា ដោយគ្មានការព្រួយបារម្ភឡើយ៕ ត្នោត