លោកស្រី កុយ ពិសី៖ វៀតណាមបោះតង់៤០ជាតំបន់មិនទាន់ក្លាយជារបស់កម្ពុជា និងវៀតណាមច្បាស់លាស់
រាជធានីភ្នំពេញ៖ លោកស្រី កុយ ពិសីអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា តំបន់ដែលវៀតណាមបោះជាង៤០កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៏មិនទាន់ជាដីកម្ពុជាពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សារកចំណុចឯកភាពបន្តទៅទៀត។
ការលើករបស់លោកស្រីបន្ទាប់ពីគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតគណបក្សសង្គ្រោះជាតិបានសរសេរលិខិតចំហមួយទៅកាន់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយព្រំដែនជាមួយវៀតណាម ។
លោកស្រីកុយ ពិសី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២០យ៉ាងដូច្នេះថា ថ្ងៃនេះ មានជនដែលមានទម្លាប់បន្លំបោកប្រាស់ និងបំផ្លើសពាក្យសម្តីរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ចតាទុច្ចរិតរបស់ខ្លួន បានច្បិចយកបទសម្ភាសន៍របស់ខ្ញុំនៅវិទ្យុបារាំង RFI ថា ការបោះតង់របស់វៀតណាម គឺជារឿងតូចតាច ប៉ុន្តែគេពុំបានបន្តស្រង់យកការពន្យល់របស់ខ្ញុំមកជូនអ្នកស្តាប់នោះទេ ធ្វើឲ្យអ្នកមើលហ្វេសប៊ុក របស់ជនអគតិមានការយល់ខុសមកលើខ្ញុំ ។
លោកស្រីថា«យើងខ្ញុំ និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជីវិតដើម្បីការពារទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំមិនដែលភ្លេចនូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការពារឲ្យបានបូរណភាពទឹកដី និងមិនឲ្យបរទេសណាមកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ» ។ ការលើកឡើងរបស់លោកស្រីលើកឡើងថា សំណួរដែលវិទ្យុ RFI សួរខ្ញុំថា គណៈកម្មការព្រំដែនអត់ច្បាប់ដែលកំពុងរស់នៅលើទឹកដីគេនោះបានស្នើឲ្យរដ្ឋាភិបាលប្តឹងទៅអន្តរជាតិពីការដែលវៀតណាមបោះតង់ក្នុងដីកម្ពុជា តើខ្ញុំយល់ថា ម៉េច? ខ្ញុំថា រឿងនេះខាងព្រំដែនខាងមហាផ្ទៃបាននឹងកំពុងធ្វើការងារនេះ ហើយៗវាជារឿងដែលយើងអាចនិយាយគ្នាបាន ជាទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ ។
កម្ពុជាបានធ្វើការតវ៉ាតាមរយៈក្រសួងការបរទេសមួយដងជាពីរដងទៅវៀតណាម ហើយៗវៀតណាមថា អស់ Covid គេនឹងដកចេញ ។ លោកស្រីថា៖តាមរយៈសារនេះ ខ្ញុំសូមជម្រាបជូនបងប្អូនថា តង់ដែលវៀតណាមបោះជាង ៤០ កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដីវៀតណាម ហើយក៏មិនទាន់ជាដីកម្ពុជា ពេញលេញនោះដែរ ប្រទេសទាំងពីរត្រូវបន្តការពិភាក្សារកចំណុចឯកភាពបន្តទៅទៀត ។ ហេតុនេះជន អគតិទាំងនោះកុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់មិនមែនចេះស្រលាញ់ជាតិអីតែអស់លោកឯងនោះទេ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងណាស់ទើបកសាងជាតិបានប៉ុន្នេះ ជាមោទនៈសម្រាប់កម្ពុជាណាស់ទៅហើយ។ សូមកុំបំផ្លាញជាតិច្រើនជាងនេះ នោះអ្នកនឹងគ្មានវាសនាល្អឡើយ»។
យោងតាមការផ្សាយរបស់វិទ្យុRFIបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិកាិកាចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមហើយ ប៉ុន្តែបញ្ហាខ្លះជារឿងតូចតាច គឺអាចដោះស្រាយដោយទ្វេភាគី មិនចាំបាច់ប្រើប្រាស់យន្តការអន្តរជាតិឡើយ ។ វិទ្យុបានស្រង់សំដីលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាមនេះថា ជារឿងតូចតាច ។ រឿងតូចតាច ដែលលោកស្រីពន្យល់ថា គឺភាគីកម្ពុជា និងវៀតណាមអាចដោះស្រាយគ្នាបានដោយទ្វេភាគីមិនចាំបាច់ពឹងពាក់អន្តរជាតិឡើយ ។
បើតាមលោកស្រីកុយ ពិសី គឺភាគីវៀតណាមបានគូសបញ្ជាក់ជាផ្លូវការមកកាន់កម្ពុជាហើយថា វៀតណាមនឹងរុះរើតង់ចេញពីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមវិញ នៅពេលបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះការបោះតង់របស់ទាហានវៀតណាមនេះ គឺក្នុងន័យការពារការរីករាលដាលជំងឺកូវីដ ១៩ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ ។
ចំពោះបញ្ហាព្រំដែនសមុទ្រកម្ពុជា-វៀតណាមវិញ លោកស្រីកុយ ពិសី បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់បានដោះស្រាយដាច់ស្រឡះជាមួយវៀតណាមនៅឡើយទេពោល គឺកម្ពុជារង់ចាំបញ្ចប់ការកំណត់ព្រំដែនគោកជាមួយវៀតណាមទាំងស្រុងសិន ។
តែទោះជាបែបនេះក្តី លោកស្រីអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរជាផ្លូវការរួចមកហើយថា ព្រំដែនសមុទ្រជាមួយវៀតណាម គឺកម្ពុជាទទួលស្គាល់ខ្សែព្រំដែនប្រ៊ីវីយ៉ែដែលគូសឡើងដោយបារាំង ។ ក៏ប៉ុន្តែ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងនៅតែយល់ថា ការប្រើប្រាស់យន្តការអន្តរជាតិ រួមមានតុលាការអាជ្ញាកណ្តាលអន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុសញ្ញា និងច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយវៀតណាម គឺនឹងមានប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព