ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់គំរាមសម្លាប់ឪពុកម្តាយខ្លួនឯង ដើម្បីយកលុយទៅទិញគ្រឿងញៀន ប៉ុន្តែទីបីផុតបែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនឯងជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ជនដែលចាក់ខ្លួនឯងឈ្មោះ អួង សារុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជននេះ ទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃបាន៦ថ្ងៃប៉ុណ្ណោះ ។ កន្លងមក ជននេះក៏ធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដង តែនៅមិនឈប់ការប្រព្រឹត្តនូវការសេពគ្រឿងញៀន ។
សាក្សីនៅក្បែរកន្លែងកើតហេតុបញ្ជាក់ថា នៅមុនពេលកើតហេតុ ជននេះបានលួចរត់ចេញពីមណ្ឌលចិត្តាឡីស័កបាត់១យប់១ថ្ងៃ មិនដឹងថាទៅទីណា ពេលមកចូលផ្ទះបានយកកាំបិតគំរាមឪពុកម្តាយដើម្បីយក ប្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង តែគ្មានអ្នកណាហ៊ានចូលចាប់ព្រោះជននេះព្រោះមានកាំបិត។ ក្រោយមកទៀត គេឃើញជននោះ ដេកនឹងអង្រឹងហើយយកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ដូចបម្រុងសម្លាប់ខ្លួន។
ប៉ុន្តែការប៉ងនេះមិនបានសម្រេច ដោយឪពុកម្តាយ បងប្អូនឃើញ ក៏នាំគ្នាជួយសង្គ្រោះដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពរងគ្រោះចាក់ត្រូវច្រើនកន្លែងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី មកទល់ពេលនេះ មិនទាន់ដឹងថា វាសនារបស់គេនោះយ៉ាងណានោះទេ៕ ត្នោត