ក្រសួងផែនការ បានសម្រេចធ្វើការដកហូតប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ) ពីគ្រួសារដែលមានជីវភាពប្រសើរចំនួនជាង៤៤០០ប័ណ្ណមកវិញ ខណៈបានចុះស្រាវជ្រាវ រកឃើញនូវករណីលួចបន្លំ ធ្វើជាជនក្រីក្រ ដើម្បីទទួលបានអំណោយ និងប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល។
ការសម្រេចធ្វើការដកហូតប័ណ្ណសមធ៌មនេះ គឺត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៨ កក្តដា ឆ្នាំ២០២០ ដោយក្រសួងផែនការ បានចុះធ្វើបច្ចុប្បន្នភាពតាមគ្រួសារក្រីក្រទាំងអស់នោះ នាកំឡុងពេលជំងឺកូវីដ-១៩ ទាំងជុំទី១ និងទី២។
ក្នុងចំណោមគ្រួសារសរុបប្រមាណជាង៦១ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ២,៤៨០,០០០នាក់ នៅទូទាំងប្រទេស ទើបអាចរកឃើញប័ណ្ណក្រីក្រចំនួនជាង៤៤០០ប័ណ្ណនេះ និងបានបន្តរកឃើញជាង៩០០ប័ណ្ណទៀត ខណៈកាលពីសប្តាហ៍មុន រកឃើញចំនួនជាង ៣,៥០០ប័ណ្ណតែប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការក្តៅ ចំពោះក្រុមអាជ្ញាធរពាក់ព័ន្ធ ដែលហ៊ានធ្វើប័ណ្ណក្រីក្រ ទៅឱ្យបក្ខពួកដែលមិនមែនជាជនក្រីក្រពិតប្រាកដនោះ។
សម្ដេច ហ៊ុន សែន ធ្លាប់បានថ្លែងព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រនោះ៕ ដោយ៖ ត្នោត