ខេត្តសៀមរាប៖ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នារសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមារី២នាក់រងគ្រោះដោយសារផ្ទុះគ្រាប់មីនកំពុង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។
កុមារីទាំង២នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ម្នាក់ឈ្មោះអឹម ម៉ារ៉ា អាយុ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះហេង ពៅ អាយុ៤ឆ្នាំ ។ កុមារីទាំង២នាក់រស់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាក កាកបាទ ក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកជំទាវក៏ផ្ដាំផ្ញើដល់អាណាព្យាបាលកុមារទាំង២នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិតក្នុងការមើលថែកូនៗ និងសូមជូនពរក្មួយៗទាំង២នាក់ឆាប់បានជាសះស្បើយវិលត្រលប់ទៅលំនៅដ្ឋានវិញ។
ទន្ទឹមនេះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា សូមសំណូមពរដល់អាណាព្យាបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ព្រោះពួកគាត់មិនដឹងថារបស់អ្វីដែលគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់នោះទេ ហេតុនេះមានតែមើលថែពួកគាត់ដោយប្រុងប្រយ័ត្នទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ ក្នុងម្នាក់ៗទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ ។
សូមបញ្ជាក់ថា មានករណីផ្ទុះគ្រាប់ បណ្តាលឱ្យកុមារាម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលចំនួន៣នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនរងគ្រោះទាំង៤នាក់រួមមាន ១-កុមារីឈ្មោះ អឹម ម៉ារ៉ា អាយុ៤ឆ្នាំ រងរបួសធ្ងន់ ២-កុមារីឈ្មោះ ហេង ពៅ អាយុ៤ឆ្នាំ រងរបួសធ្ងន់ ៣-កុមារាឈ្មោះ ស្មាន ម៉ា អាយុ៥ឆ្នាំ បានបាត់បង់ជីវិតនិង៤-លោក សំ ស្មាន អាយុ៤២ឆ្នាំ រងរបួសស្រាល (ត្រូវជាឪពុកកុមារាស្មាន ម៉ា) ។ ជនរងគ្រោះទាំង២នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ៕ ត្នោត