ពាក្យចាស់ពោលថា មនុស្សគេយកសម្តីបើសម្តីពោលទៅហើយត្រូវធ្វើឱ្យបាន ពាក្យសម្តីហ្នឹងហើយជាប្រភពនាំឱ្យកើតប្រយោជន៍ ។
ពាក្យសម្តីមនុស្សយើងសំខាន់ណាស់ បើនិយាយត្រឹមត្រូវពិតត្រង់នឹងបានជាលាភជាប្រយោជន៍ដល់អ្នកស្តាប់ តែបើនិយាយបែបភូតកុហក បោកប្រាស់គេ នឹងនាំឱ្យខូចលាភខូចប្រយោជន៍មិនខាន ។
សម្តីដែលនិយាយចេញទៅប្រកបដោយលក្ខណៈល្អ៤យ៉ាងនឹងបានជាប្រយោជន៍ច្រើនដល់អ្នកស្តាប់គឺៈ ១- មិននិយាយកុហក ២-មិននិយាយញុះញង់ ៣-មិននិយាយទ្រគោះបោះបោក និង៤-មិននិយាយពាក្យរោយរាយឥតប្រយោជន៍ ។
សម្តីទាំង៤យ៉ាងនេះលោកចាត់ថាជាសម្តីត្រូវ ឬការនិយាយត្រូវ ឬក៏ហៅថាសម្មាវាចាដូច្នេះវិញក៏បាន ។ ដោយ៖ កោះសន្តិភាព