ក្រៅពីបញ្ហាធំៗជាច្រើនដូចជាការបាត់បង់ការងារ ការកាត់បន្ថយប្រាក់ចំណូល និងផលប៉ះពាល់ដល់សេដ្ឋកិច្ចហើយ កូវីដ ១៩ ក៏បានបង្កជាបញ្ហាធំមួយទៀតសម្រាប់មនុស្សជាច្រើនដែរនោះគឺការគ្រប់គ្រងពេលវេលា ។
ជាក់ស្តែង វាជាពេលដែលពោរពេញទៅដោយអារម្មណ៍ស្ត្រេស និងការព្រួយបារម្ភ ហើយមនុស្សម្នាក់ៗត្រូវព្យាយាមសម្របខ្លួនទៅតាមការផ្លាស់ប្តូរថ្មីៗទៀតក្នុងការធ្វើការ និងប្រកបអាជីវកម្ម។
យោងទៅតាមអ្នកស្រី ឡរ៉ា វ៉ានដឺខាម (Laura Vanderkam) ដែលជាអ្ននិពន្ធ និងអ្នកជំនាញផ្នែកប្រសិទ្ធភាពការងារបានឲ្យដឹងថា មនុស្សម្នាក់ៗអាចរៀនពីគន្លឹះក្នុងការគ្រប់គ្រងពេលវេលាខាងក្រោមនេះដើម្បីរកចំណូលបានកាន់តែច្រើន៖
១. គ្រប់គ្រងកិច្ចការ មិនមែនពេលវេលាទេ
ពេលដែលគិតដល់ប្រសិទ្ធភាពការងារ មនុស្សម្នាក់ៗអាចនឹងគិតដល់ម៉ោងធ្វើការ ប៉ុន្តែអ្នស្រីវ៉ានដឺខាមផ្តល់យោបល់ថា អ្នកគួរតែព្យាយាមគ្រប់គ្រងកិច្ចការទៅវិញ។ មានន័យថា ប្រសិនបើអ្នកមានកិច្ចការចំនួន ១០ ដែលអ្នកចង់សម្រេចក្នុងថ្ងៃនោះ អ្នកត្រូវតែសម្រេចវាឲ្យហើយមុនពេលចូលសម្រាក។
២. ធ្វើការនៅម៉ោងដែលល្អជាងគេសម្រាប់អ្នក
មនុស្សម្នាក់ៗមានពេលធ្វើការខុសៗគ្នា ដូច្នេះអ្នកត្រូវតែដឹងពីម៉ោងដែលអ្នកអាចផ្តោតស្មារតីបានល្អជាងគេ។ លើសពីនេះទៅទៀត អ្នកមិនគួរធ្វើកិច្ចការកំប៉ិកកំប៉ុកដូចជាការឆ្លើយតបអ៊ីមែលរដ្ឋបាល ឬឆ្លើយនឹងសំណួរងាយៗពីកិច្ចការរបស់អ្នកនៅម៉ោងដែលអ្នកធ្វើការបានល្អបំផុតឡើយ។ ផ្ទុយមកវិញ អ្នកគួរតែទុកវាសម្រាប់កិច្ចការសំខាន់ៗដែលទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុតពីអ្នក។
៣. ទុកពេលសម្រាប់សម្រាក និងការកម្សាន្ត
សកម្មភាពផ្សេងៗក្នុងជីវិតរបស់មនុស្សអាចជះឥទ្ធិពលលើគ្នាទៅវិញទៅមក ដូចជាការធ្វើលំហាត់ប្រាណ និងការចូលដំណេកបានគ្រប់គ្រាន់អនុញ្ញាតឲ្យអ្នកមានកម្លាំងសម្រាប់ធ្វើការ និងមានអារម្មណ៍ល្អជុំវិញអ្នកដទៃជាដើម។ ដោយហេតុដូចនេះ អ្នកត្រូវតែចេះទុកពេលវេលាសម្រាប់ការកម្សាន្តអារម្មណ៍ខ្លះដែរ និងពេលខ្លះទៀតសម្រាប់ការគិតពីជីវិតផ្ទាល់ខ្លួនជាពិសេសលើគោលដៅសំខាន់ៗក្នុងជីវិត។
៤. យល់ពីតម្លៃនៃពេលវេលា
អ្នកប្រហែលជាលឺប្រយោគ “ពេលវេលាជាមាសប្រាក់” ជាច្រើនដងមកហើយ ប៉ុន្តែតើអ្នកពិតជាយល់ពីអត្ថន័យរបស់ប្រយោគនេះពិតប្រាកដទេ? តើអ្នកពិតជាដឹងពីតម្លៃនៃពេលវេលារបស់អ្នកដែរទេ? ប្រសិនបើអ្នកយល់ដឹងពីតម្លៃរបស់វានោះ អ្នកគួរតែចំណាយវាដូចធនធានដែលអ្នកកំពុងខ្វះខាតដែរ ដូចជាលើការវិនិយោគលើខ្លួនឯងជាដើម មិនមែនទៅធ្វើអ្វីដែលមិនមានប្រយោជន៍ឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព