ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់បាត់ដោយសារឆក់ខ្សែភ្លើង ក្រោយពេលឡើងទៅជួសជុលដំបូលបន្ទប់ទឹកស្រាប់តែឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី២៧ កក្កដា នៅចំណុចបន្ទប់ទឹកក្នុងវត្តដា ស្ថិតនៅភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ គឹម ចាន់មាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
បើយោងតាមការបំភ្លឺពីឈ្មោះ ប្រាក់ ចិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ និងដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃកើតហេតុ ពួកគាត់មានគ្នា៣នាក់ រួមមាន ១-ឈ្មោះ គឹម ចាន់មាន (ជនរងគ្រោះ) ២-ឈ្មោះ ប្រាក់ ចិន និង៣-ឈ្មោះ គឹម ឌីណា ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានឡើងទៅជួសជុលដំបូលបន្ទប់ទឹកក្នុងវត្តដា។
តាមប្រភពដដែលបានបន្តថា នៅពេលកំពុងជួសជុលបន្ទប់ទឹកខាងលើនោះ គាត់បានឃើញជនរងគ្រោះយកម៉ូទ័របាញ់វីសដំបូលបន្ទប់ទឹក ពេលជនរងគ្រោះកំពុងកាន់ម៉ូតូបាញ់វីស ស្រាប់តែម៉ូទ័រនោះឆ្លងចរន្តឆក់ជនរងគ្រោះ លុះឃើញបែបនេះ គាត់ក៏បានដកឌុយចេញពីព្រីភ្លើងភ្លាមៗដែរ ប៉ុន្តែជនរងគ្រោះបានធ្លាក់ចុះមកក្រោមបុកនឹងជ្រុងកាំជណ្ដើរ បែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ច ស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ រកឃើញថា ពុំមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេ គឺជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់ពីលើដំបូលបន្ទប់ទឹកកម្ពស់៤ម៉ែតបុកនឹងកាំជណ្ដើរថ្មបែកក្បាលបាត់បង់ជីវិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ត្នោត