រាជធានីភ្នំពេញ ៖ ជាការកត់សម្គាល់នៅក្នុងឆ្នាំ ២០២០នេះតម្លៃមាសលើទីផ្សារប្រទេសកម្ពុជា បានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាង១ទសវត្សរ៍នេះ ។ ជាក់ស្ដែងបច្ចុប្បន្នតម្លៃមាសលើទីផ្សារកម្ពុជា មានតម្លៃរហូតដល់២៣០០ដុល្លារឯណោះ ក្នុងមួយដំឡឹង ។
បើតាមលោក ស្រូយ ឌីណា អាជីវករលក់មាសពេជ្រ នៅក្នុងផ្សារដើមគ បានអោយដឹងមាសបានហក់ឡើងក្នុងរយៈពេលប៉ុន្មានខែនេះគឺឡើងខ្លាំងតែម្ដង ពោលគឺចាប់តាំងពីដើមឆ្នាំ ២០២០មកមាសចាប់ផ្ដើមឡើងថ្លៃបន្តិចម្ដងៗ និងឡើងខ្លាំងនៅរយៈពេលថ្មីៗនេះ ។ លោកបន្តថាទន្ទឹមនឹងមាសឡើងថ្លៃ គាប់ជួនជាមួយនឹងជំងឺកូវីដ១៩ នេះរាតត្បាតទាំងនៅកម្ពុជានិងលើពិភពលោក ទីផ្សារមាសនៅកម្ពុជាគឺសំបូរអ្នកលក់ច្រើនជាងអ្នកទិញ ដោយមានអ្នកទិញមាសតិចតួចប៉ុណ្ណោះ ។
លោកបានបន្តថា « អាចជាឱកាសសម្រាប់អ្នកដែលទិញមាសទុកកន្លងមកក្នុងការលក់ចេញទៅវិញ ឬក៏អាចនិយាយបានថា ដោយសារតែកូវីដ១៩ ធ្វើអោយពលរដ្ឋបាត់ចំណូលនិងត្រូវបង្ខំលក់មាសដែលទិញទុកកន្លងមកសម្រាប់ដោះស្រាយសិន ក៏ប៉ុន្តែហេតុផលច្បាស់លាស់យ៉ាងណានោះ គឺយើងមិនអាចស្មានចិត្តអតិថិជនបាននោះទេ » ។
លោកឌីណា បាននិយាយថា កាលពីឆ្នាំ ២០១៩ ហាងឆេងមាសឡើងថ្លៃបំផុតត្រឹម១៨០០ដុល្លារអាមេរិកក្នុងមួយដំឡឹង តែមកដល់ឆ្នាំ ២០២០ជាពិសេសនៅពេលស្ថានភាពកូវីដ១៩ កាន់តែរាលដាលខ្លាំងស្រាប់តែមាសកាន់តែឡើងថ្លៃរហូតមកដល់បច្ចុប្បន្ននេះតែម្ដង ។
បើតាមបណ្ដាហាងលក់មាសដទៃទៀតក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យថា បច្ចុប្បន្ននេះ អ្នកទិញមាសបានធ្លាក់ចុះប្រមាណ៧០ទៅ៨០ភាគរយ ខណៈអ្នកលក់មាសវិញមានសន្ទុះកើនឡើងខ្ពស់ដោយមិនដឹងមូលហេតុ ។ វាអាចបណ្ដាលមកពីមាសឡើងថ្លៃផង ឬអាចដោយសារតែមានតម្រូវការប្រើប្រាស់ថវិកាសម្រាប់ដោះស្រាយបញ្ហាជីវភាព ឬក៏អាជីវកម្មផ្សេងៗទៀតមានអ្នកលក់ច្រើនជាងអ្នកទិញ ។
អ្នកលក់មាសមួយរូបលោកជឿន បាននិយាយថា លោកលក់មាសដើម្បីគឺដើម្បីយកប្រាក់ដោះស្រាយបញ្ហាដោយសារតែក្នុងដំណាក់កាលនេះ លោកមិនអាចរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ ជាពិសេសបង់ធនាគារ ក្នុងពេលអាជីវកម្មរបស់លោកមិនកាក់កបសោះ ក្នុងដំណាក់កាលកូវីដ-១៩នេះ ។
បើតាមសារព័ត៌មានរុស្ស៊ី RT ក៏បានចុះផ្សាយផងដែរពីការឡើងថ្លៃខ្ពស់បំផុតនៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ដោយក្នុងនោះតម្លៃមាសបានហក់ឡើងដល់១៩៤៣ដុល្លារក្នុងមួយអោន ( ១អោនស្មើនឹងប្រមាណ ០,៨៣ដំឡឹង ) ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព