ភ្នំពេញ៖ រយៈពេល ១៥ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ០៣-១៨ ខែកញ្ញា ឆ្នាំ ២០២០ មានករណីអគ្គិភ័យកើតឡើងចំនួន ២៦លើក ថយចុះចំនួន ៣លើក បានធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២០ ខែកញ្ញា។
បើតាមរបាយការណ៍ ករណីអគ្គិភ័យ ដែលកើតឡើងទាំង ២៦លើកនេះ មូលហេតុ បណ្តាលមកពីចរន្តអគ្គីសនីចំនួន ៩លើក, ប្រើប្រាស់ភ្លើងទានធូប ចំនួន ៩លើក, ផ្ទុះហ្គាសចំនួន ១ លើក ក្តាប់ពុំបាន ២លើក ដោយបំផ្លិចបំផ្លាញអស់ ផ្ទះចំនួន ១៧ខ្នងកុដ្ឋចំនួន ២ខ្នងសាលឆាន់ចំនួន ១ខ្នងតូបលក់ដូរចំនួន ២៣០តូចបន្ទប់ចំនួន ១បន្ទប់ រោងសិប្បកម្ម ចំនួន ១ឆេះរោងចក្រ ចំនួន ១ឆេះយានដ្ឋាន ចំនួន ១ឆេះរថយន្តចំនួន ២គ្រឿង និងម៉ូតូចំនួន ២គ្រឿង។
យ៉ាងណា បើប្រៀបធៀបរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ២០១៩ និង ឆ្នាំ២០២០ គឺអគ្គិភ័យកើតឡើងចំនួន ៨ លើកដូចគ្នា។
របាយការណ៍បានបញ្ជាក់ថា គ្រោះអគ្គិភ័យកើតឡើងខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ៕ ដោយ៖ ទួន សុផល