ប្រទេសថៃ ៖ បាតុករច្រើនម៉ឺននាក់ កាលពីយប់ថ្ងៃទី១៩កញ្ញាបានលើកគ្នាទៅប្រមូលផ្ដុំនៅជិតអតីតព្រះបរមរាជវាំងក្រុងបាងកក ដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែច្រើន និងឲ្យនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធចាន់អូចា លាលែងចេញពីតំណែង រួចបាតុករមួយចំនួនទាមទារឲ្យមានការកែទម្រង់របបរាជានិយមដែលជារឿងរស៊ើបបំផុតមួយនៅថៃ។
ពួកបាតុករដែលតាមប៉ូលិសថា មានប្រមាណជាជាង១៨.០០០នាក់ តែពួកអ្ហករៀបចំថាមានដល់ច្រើនសិបពាន់នាក់ បាននាំគ្នាស្ដាប់ រហូតដល់យប់ជ្រៅសុន្ទរកថា របស់វាគ្មិនទាំងឡាយនៃចលនាតវ៉ានោះ។ បាតុករមួយចំនួនអំពាវនាវឲ្យធ្វើប្រជាធិបតេយ្យភាវូបនីយកម្ម នៃបណ្ដាស្ថាប័នថៃ បញ្ចប់អំពើពុករលួយនិងកាត់បន្ថយគម្លាត រវាងបណ្ដាអ្នកមាននិងអ្នកក្រ ក្នុងប្រទេសដែលមានគម្លាតគ្នាខ្លាំងជាងគេបំផុតនៃពិភពលោក។ មេធាវីខាងសិទ្ធិមនុស្សម្នាក់ដែលប្រកាន់គំំនិតតឹងរឹង រហូតដល់ប្រើពាក្យមិនល្អនានា ដៀមដាមចំពោះព្រះមហាក្សត្រនិងចោទប្រកាន់ទ្រង់ថា មិនព្រមស្ថិតនៅដាច់ពីនយោបាយ។
លោកPARIT CHIWARAK ជាមេខ្លោងតវ៉ាម្នាក់ថ្លែងថា នេះជាការប្រមូលផ្ដុំមនុស្សដ៏ធំបំផុត ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ដែលនាំឲ្យលោកចាន់អូចា ឡើងកាន់អំណាច ដោយស្របច្បាប់ តាមរយៈការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយមក។ បាតុករម្នាក់ទៀតនិយាយថា នេះជារបត់មួយក្នុងប្រវត្តិសាស្ត្រប្រទេស។
បាតុកម្មចាប់ផ្ដើមពីវេលារសៀលមក នៅឯបរិវេណមហាវិទ្យាល័យធម្មាសាធ ជាកន្លែងមានការសម្លាប់រង្គាលកាលពីឆ្នាំ១៩៧៦ និស្សិតស្និទ្ធប្រជាធិបតេយ្យ ដោយកងយោធា និងសេនាជនរាជានិយម។ ពួកបាតុករបន្ទាប់មកបានលើកគ្នា ទៅសាណាមលួងជាទីលានមួយស្ថិតនៅទល់មុខព្រះបរមរាជវាំង។ បាតុករច្រើននាក់មានបំណងស្ថិតនៅទីនោះ ពេញមួយយប់។ នាថ្ងៃទី២០កញ្ញាពួកប្រឆាំងគ្រោងដើរហែក្បួននៅកណ្ដាលរាជធានី ។
ប៉ូលិសបានទទួលបទបញ្ជាឲ្យប្រកាន់ការអត់ធ្មត់។ អ្នកនាំពាក្យរដ្ឋាភិបាលលោកANUCHA BURAPACHAISRI មានប្រតិកម្មថាបាតុករអាចប្រមូលផ្ដុំគ្នាតែដោយសន្តិវិធី ក្នុងក្របខណ្ឌច្បាប់។ សកម្មជនដទៃៗទៀតស្ថិតក្នុងចលនាអាវក្រហម ស្និទ្ធអតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅនិរទេស ក៏ចូលរួមក្នុងបាតុកម្មនោះដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព