ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្សចំនួន៨នាក់បានស្លាប់ រីឯ៣នាក់ទៀត រងរបួសធ្ងន់ ដោយសាររន្ទះបាញ់២ករណីផ្សេងគ្នា ដែលករណីទី១ ពេលកំពុងហូបបាយជួបជុំគ្នា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ កញ្ញា នៅភូមិបឹងធ្មួញ ឃុំព្រែកជីក ស្រុករុក្ខគិរី ស្លាប់៧នាក់ របួស៣នាក់ ។ ឯករណីទី២ ស្លាប់ម្នាក់ ពេលដើរទៅវាលស្រែ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ពលរដ្ឋដែលស្លាប់និងរបួសទាំង១០នាក់នោះមាន៖
១-ឈ្មោះ យ៉ុម ញ៉ឹប ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ផ្ទះស្លាប់ ។
២-ឈ្មោះ ជា សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ប្រពន្ធស្លាប់ ។
៣-ឈ្មោះ យ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ កូនម្ចាស់ផ្ទះស្លាប់ ។
៤-ឈ្មោះ យ៉ុម រ៉ាវុធ ប្រុស២៦ឆ្នាំ កូនម្ចាស់ផ្ទះស្លាប់ ។
៥-ឈ្មោះ អន វិន ភេទប្រុស អាយុ២៧ឆ្នាំ អ្នកនៅបាត់ដំបង ស្លាប់ ។
៦-ឈ្មោះ ធី ភេទប្រុស អាយុ៥០ឆ្នាំ អ្នកនៅបាត់ដំបង ស្លាប់ ។
៧-ឈ្មោះ ហួត ហុង ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកនៅបាត់ដំបង ស្លាប់ ។
៨-ឈ្មោះ វឿន វុត្ថា ភេទប្រុស អាយុ៤១ឆ្នាំ អ្នកនៅបាត់ដំបង រងរបួសធ្ងន់ ។
៩-ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកនៅបាត់ដំបង រងរបួសធ្ងន់ ។
១០-ឈ្មោះ ឃឿត សំណាង ភេទប្រុស អាយុ២៥ឆ្នាំ នៅកន្លែងកើតហេតុរងរបួសធ្ងន់ ។
សមត្ថកិច្ចដែលបានចុះទៅសួរនាំ និងពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ពេលជនរងគ្រោះទាំងអស់កំពុងផឹកស៊ីសប្បាយជុំគ្នានោះនៅលើបង់ថ្មខាងមុខផ្ទះក្រោមពន្លឺភ្លើងសូឡា និងក្រោមដើមស្វាយ ខណៈមេឃចាប់ផ្ដើមធ្លាក់ភ្លៀងរលឹមតិចៗ ។ សមត្ថកិច្ចបានស្រង់សម្តីសាក្សីថា ពេលនោះស្រាប់តែអំពូលសូឡាដាច់ ហើយម្ចាស់ផ្ទះបានទៅពិនិត្យខ្សែ ។ ប៉ុន្តែនៅពេលម្ចាស់ផ្ទះយកខ្សែដែលដាច់មកតវិញឱ្យភ្លើងភ្លឺ ស្រាប់តែរន្ទះបានបាញ់លាន់កក្រើកចំតុអង្គុយផឹកស៊ី បណ្ដាលឱ្យមនុស្សស្លាប់និងរបួសរដូករណែលជុំវិញតុថ្មនោះតែម្ដង ។
បើតាមប្រភពពីកន្លែងកើតហេតុដែរថា ដំបូងមានគ្នាជាង១០នាក់ រាប់ទាំងក្មេងៗផង ។ ប៉ុន្តែមុនកើតហេតុបន្តិច ក្មេងទាំងនោះបានដើរចេញពីកន្លែងកើតហេតុអស់ដោយសារមេឃភ្លៀង ។ លុះក្មេងៗចេញផុតស្រាប់តែរន្ទះបានបាញ់តែម្ដង ។ ប្រភពដដែលបានបញ្ជាក់ដែរថា ក្រុមគ្រួសារជនរងគ្រោះបានរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្រាប់តែមកជួបសោកនាដកម្មបែបនេះ ។
យ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះក្រុមគ្រួសារបានដឹកសពជនរងគ្រោះទៅកាន់លំនៅឋានរៀងៗខ្លួនហើយដើម្បីធ្វើបុណ្យ លើកលែងតែសពគ្រួសារម្ចាស់ផ្ទះប៉ុណ្ណោះដែលត្រូវរៀបចំធ្វើបុណ្យរួមគ្នា ។ បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា សពគ្រួសាររងគ្រោះ៤នាក់ ឪពុកម្ដាយនិងកូនប្រុស ស្រីត្រូវបានសាច់ញាតិ និងអ្នកភូមិរៀបចំធ្វើបុណ្យក្នុងវត្តមួយនៅក្នុងភូមិ ដែលមើលទៅគួរឱ្យសង្វេគបំផុត ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខ គ្រួសារសពដែលរងគ្រោះ ដោយសាររន្ទះបាញ់ស្លាប់៨នាក់ និងរបួស៣នាក់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ក្នុងសាររំលែកមរណទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
«ខ្ញុំ និងភរិយា មានសេចក្ដីរន្ធត់ក្តុកក្តួលសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះមរណភាព នៃសមាជិកក្រុមគ្រួសារចំនួន៨រូប កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានកើតឡើងនៅភូមិបឹងធ្លុយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ទន្ទឹមនេះ ខ្ញុំក៏សូមជូនពរអ្នករងរបួសចំនួន ០៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺ សូមឆាប់បានជាសះស្បើយ ដើម្បីបានប្រកបជីវភាព រស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ» ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ៦ល្ងាច មានរន្ទះបាញ់២ករណី ដែលករណីទី១ត្រូវរន្ទះបាញ់ស្លាប់ចំនួន៧នាក់ និងរងរបួស ៣នាក់ នៅភូមិធ្នួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងករណីទី២ បុរសម្នាក់ដើរទៅវាលស្រែ ក៏ត្រូវរន្ទះបាញ់ស្លាប់ផងដែរ ហើយបច្ចុប្បន្នសពកំពុងតំកល់ ធ្វើបុណ្យ នៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព