បន្ទះនេះ ជាសញ្ញាតំណាងឱ្យការប្រកាសមួយរបស់ក្រុមតវ៉ា។ បន្ទះនេះ ត្រូវបានដាក់ដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ បានដាក់នៅជិតព្រះបរមរាជវាំងក្នុងទីក្រុងបាងកក។ ការធ្វើបែបនេះ ជាសញ្ញារបស់ក្រុមអ្នកតវ៉ាចង់ប្រកាសថា ប្រទេសថៃជារបស់ប្រជាជន មិនមែនសម្រាប់ការគ្រប់គ្រងរបស់ស្តេចតែអង្គឯងនោះទេ។
បន្ទះពណ៌មាសនេះត្រូវបានគេដាក់ជាសញ្ញា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ បន្ទាប់ពីការជួបជុំ មនុស្សរាប់ពាន់នាក់ បានស្រែកអំពាវនាវឱ្យមានការកែទម្រង់ចំពោះរបបរាជានិយមរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ទន្ទឹមនឹងរឿងសញ្ញាប្រកាសនេះដែរ លោក Piya Tawichai ស្នងការរងក្រុងបាងកកបានបញ្ជាក់ឱ្យដឹងផងដែរថា «ខ្ញុំបានទទួលរបាយការណ៍មួយថា បន្ទះនោះត្រូវបានគេដកចេញវិញហើយ ប៉ុន្តែខ្ញុំមិនដឹងថាតើនរណាធ្វើវានោះទេ» ។
លោក Piya បន្តទៀតនិយាយថា «ប៉ូលីសកំពុងតែធ្វើការឆែកឆេរជាមួយ BMA (រដ្ឋបាលក្រុងបាងកក) និងពិនិត្យមើលថាតើអ្នកណាដែលយកវាចេញ ព្រោះនេះគឺជាភស្តុតាងតែមួយគត់ដើម្បីចោទប្រកាន់ក្រុមតវ៉ា (ចំពោះការធ្វើខុសនេះ) ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា បន្ទាប់ពីការតវ៉ាប្រជាជនបានឈរតម្រង់ជួរគ្នាដើម្បីថតរូបនៅជាប់នឹងបន្ទះនោះ ដែលមានរូបដៃចង្អុលដៃបីដែលត្រូវបានអនុម័តដោយក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
បាតុកម្មកំឡុងពេលពីរខែនេះ មានការកើនឡើងច្រើន ដែលពួកគេប្រឆាំងនឹងរាជាធិបតេយ្យ និងស្ថាប័នគ្រប់គ្រងដោយយោធារបស់ប្រទេសថៃ៕