ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ដើរដាក់អន្ទាក់សត្វជិតព្រំដែនថៃ និងជីកទំពាំងចន្លោះបង្គោលសីម៉ាលេខ២៨-២៩ ស្រាប់តែជាន់មីនផ្ទុះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ ខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឈុំ ខេន អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
លោក អធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរចូលទៅក្នុងព្រៃតាមបន្ទាត់ព្រំដែនថៃត្រង់ចំណុចកើតហេតុខាងលើ ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំង ស្រាប់តែបានជាន់មីន បណ្តាលឲ្យផ្ទុះរងរបួសជើងទាំង២និងខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ ក្មេងរងគ្រោះ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។
ពាក់ព័ន្ធនឹងករណីខាងលើនោះដែរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតតំបន់ខាងលើនោះ ដើម្បីរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយបើឃើញមានស្លាកសញ្ញាគ្រោះថ្នាក់ដោយគ្រាប់មីន សូមកុំចូលទៅព្រៃដែលមានស្លាកសញ្ញាហាមឃាត់ឲ្យសោះ ៕ ត្នោត