ជនសង្ស័យ២នាក់ ដែលបានប្រើល្បិចចូលទិញភេសជ្ជៈ ក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង ត្រូវបានសមត្ថកិច្ច កំពុងតាមចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានបុរស២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម មកឈប់ទិញភេសជ្ជៈ ពីស្ត្រីម្នាក់ជាអ្នក លក់ចាប់ហួយ។ ជនសង្ស័យម្នាក់ នៅអង្គុយចាំលើម៉ូតូ និងម្នាក់ទៀតចុះទៅទិញ ហើយក៍បានវាយស្ត្រីរងគ្រោះចំនួន២ដៃចំក្បាល បណ្តាលឱ្យរងរបួសស្រាល រួចក៍ឆក់កាបូបលុយរបស់ស្ត្រីរងគ្រោះ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់តែម្តង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ គីម សុខផល ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ប្រាក់ចំនួន៤១៥.០០០រៀល និងកាតទូរស័ព្ទចំនួន២៥សន្លឹក ស្មើនឹង១៥០.០០០រៀល៕ ដោយ៖ ត្នោត