រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃកំពុងពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ស្តីអន្តោប្រវេសន៍ថ្មីមួយទៀត ជំនួសច្បាប់កំពុងមាន ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅ និងចូលចេញប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា មូលហេតុដែលកម្ពុជារៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារច្បាប់ដែលតាំងពីឆ្នាំ១៩៩៤ មកនោះនៅមានចំណុចខ្វះខាត ហើយថា ការអនុវត្តច្បាប់ដែលមានស្រាប់នេះកន្លងមកមានជួបនូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវមានការគិតគូរឡើងវិញ ។
សម្តេចបានបញ្ជាក់ថា «ដោយមើលឃើញពីភាពចាំបាច់នៃការធ្វើវិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មីក៏ដូចជា ស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យានុម័តក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល» ។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង បានដឹកនាំមន្ត្រីពាក់ព័ន្ធដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ថ្មីនោះ ។ មន្ត្រីអះអាងថា សេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ថ្មីនេះ នឹងអាចឆ្លងគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ ។ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា កន្លងមក ការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈហ្មត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ មានជនបរទេសប្រមាណជា១៦ម៉ឺននាក់ បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីសុំស្នាក់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែវត្តមានជាក់ស្តែងមានជនបរទេសជាង១១ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងមានវត្តមាននៅកម្ពុជា ។
នៅក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កន្លងមកអាជ្ញាធរ បានដកហូតឯកសារមិនប្រក្រតី ការធ្វើជំរឿន និងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍បានចំនួនជិត៩ម៉ឺននាក់ (៨ ៩៦៨៧) ហើយយុទ្ធនាការនេះ គ្រោងនឹងបញ្ចប់នៅត្រឹមឆមាសទី២ឆ្នាំ២០២០នេះ។
គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២០មក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃបានដាក់អោយអនុវត្តនូវការចុះឈ្មោះរបស់ជនបរទេសតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីសុំស្នាក់នៅកម្ពុជា។ ច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលកម្ពុជាមានតាំងពីឆ្នាំ១៩៩៤ មាន៤១មាត្រា៕ ផ្តល់សិទ្ធិដោយ៖ សន្តិភាព