ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា អាចមានជំងឺវិកលចរិក ឬសតិមិនប្រក្រតី ទៅកាន់អធិការដ្ឋានស្រុកអូរម៉ាល់ ក្រោយបុរសនោះ បានធ្វើសកម្មភាព ទាញកាំបិកកាប់ឪពុករបស់ខ្លួន រួចបន្តទៅកាប់ប្អូនប្រុសបង្កើតថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ កក្កដា នៅភូមិដាក់សរសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបណ្តាលឱ្យប្អូនប្រុស និងឪពុករបួសធ្ងន់។
ជនសង្ស័យមានឈ្មោះ ផល សំណាង អាយុ២៦ឆ្នាំ រីឯជនរងគ្រោះជាឪពុក ឈ្មោះ ទោម សុផល អាយុ៥៧ឆ្នាំ និងប្អូនប្រុសឈ្មោះផល សុវណ្ណឆាយ អាយុ១៩ឆ្នាំ រងរបួសដៃឆ្វែង។ ទាំង៣នាក់ កំពុងរស់នៅក្នុងតំបន់កើតហេតុខាងលើ។
ជនរងគ្រោះដែលជាឪពុកបានឱ្យដឹងថា ជនសង្ស័យតែងតែបង្កអំពើហឹង្សា ខណៈពេលកើតមានអាការរោគឆ្គូត ហើយបង្កហឹង្សាបែបនេះជាញឹកញ៉ាប់ នៅពេលកំរោលចូលម្ដងៗ។
នៅថ្ងៃកើតហេតុ កូនប្រុសគាត់ម្នាក់នេះ ហាក់មានសតិមិនប្រក្រតី ពេលធ្វើទុក្ខម្ដងៗ តែងបង្កជម្លោះជាមួយគាត់ និង ដេញវាយគាត់ តែមិនធ្លាប់ធ្ងន់ធ្ងរដូចលើកនេះទេ។ ដូច្នេះហើយទើបលោកប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ម្ដង។
ទោះបីជាយ៉ាងនេះក្តី លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនដៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ត្នោត