ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃបានសម្រុកតុបតែងយ៉ាងប្រញាប់ប្រញាល់នូវសិល្បៈទាំងឡាយណារបស់ខ្លួន ដែលប្រហាក់ប្រហែលនឹងសិល្បៈខ្មែរដើម្បីបង្អួតភ្ញៀវទេសចរបរទេស។
ការតុបតែងនេះត្រូវបានធ្វើឡើងនៅស្ថានីយអ្នកដំណើរថ្មីក្នុងព្រលានយន្តហោះដ៏ធំក្នុងទីក្រុងបាងកក ដែលគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ ថៃបានតុបតែងសិល្បៈដែលខ្លួនអះអាងថាជារបស់ដូនតាថៃរួមមានដូចជា ល្ខោនស្បែក, ល្ខោនអាយ៉ង, ប្រដាល់សេរី, មុខខ្មុកល្ខោនខូន (ដូចគ្នាល្ខោនខោលខ្មែរ), បក្សីហង្ស, រាជសី និងសត្វដំរីជាដើម។
នេះមិនមែនជាលើកដំបូងទេដែលថៃបានតុបតែងសិល្បៈដែលទទួលឥទ្ធិពលពីខ្មែរ នៅព្រលានយន្តហោះរបស់ខ្លួន។ នៅស្ថានីយអ្នកដំណើរចាស់វិញ គេឃើញមានការដាក់តាំងនូវ ឆ្មាំយាមយក្សា និងរូបសំណាកទេវតា និងអសុរៈកូរសមុទ្រទឹកដោះ ដើម្បីអួតភ្ញៀវបរទេសដែលទៅទស្សនាប្រទេសថៃក្នុងមួយឆ្នាំៗរាប់រយលាននាក់តាមផ្លូវអាកាស។
គួររម្លឹកថាព្រលានយន្តហោះសុវណ្ណភូមិបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០០៦ ជាព្រលានយន្តហោះខ្នាតយក្ស និងធំបំផុតមួយក្នុងចំណោមព្រលាននានាក្នុងតំបន់អាសា៊ន ដែលសាងសង់លើផ្ទៃដី៣២,៤គីឡូម៉ែត្រការ៉េ៕