ខេត្តត្បូងឃ្មុំ៖ ចម្ការដូងក្រអូបមួយកន្លែងនៅខេត្តត្បូងឃ្មុំ បានប្រែក្លាយជារមណីយដ្ឋាន ទាកទាញទេសចរទៅលេងកម្សាន្ត ជារៀងរាល់ថ្ងៃ។
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលចម្ងាយប្រមាណជាង៣០០ម៉ែត្រ តាមផ្លូវបេតុងការដ្ឋានកិនថ្ម ក្នុងឃុំជារោទ៍ទី២ ស្រុកត្បូងឃ្មុំ រមណីយដ្ឋានកែច្នៃ តាសែដូងក្រអូប បានត្រៀមកែច្នៃដាំផ្កាចម្រុះពណ៌ រួមជាមួយនឹងការតុបតែងកែច្នៃរូប ផ្សេងៗឲ្យកាន់តែស្រស់ប្រណីតថែមទៀតសម្រាប់ទាក់ទាញអ្នកទេសចរមកលេងកម្សានក្នុងឱកាសបុណ្យភ្ជុំនាពេលខាងមុខ។
លោក សៅ សុវណ្ណ នៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឲ្យដឹងថា ថ្ងៃចុងសប្តាហ៍ជាថ្ងៃទំនេរពីការងារ កូនប្រុសរបស់គាត់រួមទាំងដន្លងមានគ្នាជាច្រើននាក់ បានជិះរថយន្តទៅលេងនៅរមណីយដ្ឋានកែច្នៃ តាសែដូងក្រអូប ។ បុរសវ័យ៦៤ឆ្នាំបញ្ជាក់ថា នេះជាលើកទីមួយដែលគាត់ទៅលេងនៅទីនោះ ហើយទិដ្ឋភាពពិតជាស្រស់បំព្រងមែន ដោយបានឃើញផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ត្រូវគេដាំនៅក្នុងបរិវេណរមណីយដ្ឋាន ។
ជាមួយនោះមានកន្លែងសម្រាប់អង្គុយលេងនៅជាប់នឹងមាត់ស្រះ ដែលមានទំហំធំត្រជាក់ ព្រមទាំងបានស្រស់ស្រូបអាហារថ្ងៃត្រង់ជុំគ្នាជា មួយនឹងសមាជិកក្រុមគ្រួសារជាច្រើននាក់ មានរសជាតិឆ្ងាញ់ ហើយតម្លៃក៏សមរម្យដែរ ។ នៅពេលដែលគាត់ឈានជើងមកលេងនៅទីនេះ បានធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ហើយទុក្ខកង្វល់ទាំងប៉ុន្មាននៅក្នុងខ្លួនបានរសាយអស់ ។ នៅថ្ងៃណាមួយទំនេរនាពេលខាងមុខសង្ឃឹមថាកូនប្រុសនឹងនាំគាត់ទៅលេងម្ដងទៀត ។
លោកសៀង សុខខេង វ័យ៥៩ឆ្នាំ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា កូនរបស់គាត់បាននាំសមាជិកក្រុមគ្រួសារទៅលេងនៅរមណីយដ្ឋានកែច្នៃតាសែដូងក្រអូប ជាលើកទីមួយ ឃើញថាពេលចូលមកដល់មានអ្នកចាំទទួលភ្ញៀវ ប្រកបដោយភាពរាក់ទាក់ ជាមួយនោះគាត់បានឃើញ ពីសកម្មភាពរបស់ក្រុមជាងកំពុងតែញាប់ដៃជើងកែច្នៃ និងដាំដុះផ្កាបន្ថែមដើម្បីឱ្យមានភាពស្រស់ស្អាតជាងនេះ ។
តាមដែលការកត់ សម្គាល់នៅរមណីយដ្ឋានកែច្នៃ ផ្សេងៗទៀតនៅក្នុងខេត្តត្បូងឃ្មុំ គឺគាត់មានការចាប់អារម្មណ៍នៅរមណីយដ្ឋានកែច្នៃតាសែដូងក្រអូបជាងគេ ព្រោះទីនោះមានដើមឈើធំ ជាម្លប់ត្រជាក់ និងមានកន្លែងដាក់រថយន្តត្រឹមត្រូវ ។ បើតាមការសន្និ ដ្ឋានក្នុងរយៈពេល២ឆ្នាំខាងមុខទៀត ទីនោះនឹងពង្រីកខ្លួនកាន់តែធំឡើង ហើយ នឹងអាចទាក់ទាញមនុស្សទៅកម្សាន្តកាន់តែ ច្រើនឡើងៗ ដោយមិនចាញ់កន្លែងទេស ចរណ៍កែច្នៃនៅតាមបណ្ដាខេត្តផ្សេងៗនោះទេ ។
អ្នកស្រីណារុន គឹមសែ មា្ចស់រមណីយដ្ឋានកែច្នៃតាសែ ដូងក្រអូប ឱ្យដឹងថា កាលពីដំបូងគាត់បានដាំដូងក្រអូបជាច្រើនរយដើម ដើម្បីបានផលលក់នៅលើទីផ្សារដោះ ស្រាយជីវភាពគ្រួសារ ។ គួបផ្សំចម្ការរបស់គាត់មានលក្ខណៈអំណោយផលពីធម្មជាតិ ក៏កែច្នៃចេញជារមណីយដ្ឋាន ។ ក្នុងពេលបង្កើតដំបូងមិនសូវមានមនុស្សមកលេងប៉ុន្មាននោះទេ ។
តាមរយៈភ្ញៀវជិតឆ្ងាយដែលបានទៅកម្សាន្តនៅកន្លែងរបស់គាត់ ផ្សព្វផ្សាយ តៗគ្នាពីមាត់មួយទៅមាត់មួយ និងតាមបណ្ដាញសង្គមបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងបាននាំគ្នាទៅកម្សាន្តលេងនៅកន្លែងរបស់គាត់ កាន់តែច្រើនឡើងៗ ។ ជាមួយនោះដោយមានការណែនាំពីមន្ទីរទេសចរណ៍ខេត្តឲ្យដាក់ឧបករណ៍វាស់កម្ដៅរួមទាំងអាល់កុល សម្រាប់លាងសម្អាតដៃដើម្បីបញ្ចៀសកុំឲ្យឆ្លងជំងឺកូវីដ១៩ ។ សម្រាប់ម្ហូបអាហារ នីមួយៗគឺលក់ក្នុងតម្លៃសមរម្យ ទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត ។
នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខអ្នកស្រីណារុន គឹមសែ នឹងកសាងសមិទ្ធផលបន្ថែមទៀត ដូចជាចិញ្ចឹមមាន់ស្រែ ដាំបន្លែធម្មជាតិ និងបន្ទប់សម្រាប់ស្នាក់នៅជាបណ្ដោះអាសន្នលក្ខណៈគ្រួសារ ដើម្បីទទួលភ្ញៀវជិតឆ្ងាយដែលទៅលេងកម្សាន្តនៅកន្លែងរបស់គាត់ ។ ចំពោះប្រាក់ដែលបានមកពីការលក់ដូរ មួយផ្នែកនឹងបំពេញការងារមនុស្សធម៌នៅក្នុងសង្គមផងដែរ ៕ ត្នោត