ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើលិខិតឆ្លងដែន ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡេនឌ័រ និងម៉ូតូ ម៉ាក Zommer X ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង ដែលបណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុសរងរបួសបាក់ជើងទាំងពីរនាក់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ទោ និងមានតួនាទីជានាយរងការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាល ពាក់ស័ក្តិ ៤កន្លះ មួយទៀតផងដែរ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញស្រាវជ្រាវឱ្យចូលខ្លួនមកដោះស្រាយ៕ ផេង ភាព