
រាជធានីភ្នំពេញ ៖ មុននឹងទម្លាយរឿងរ៉ាវប៉ះស្នេហ៍យល់ចិត្តម្តងទៀត តារាទឹកភ្នែក នី មុនីនាថ បានបញ្ជាក់ថា នាងយំខកស្នេហ៍២ដងហើយ ។ ដោយសារតែស្នេហា២លើកនេះ បានក្លាយជាស្រមោលខ្មៅស្ទើរតែក្លាយជាមនុស្សរោគចិត្ត មិនហ៊ានទៅណាមកណា មានតែសម្ងំកើតទុក្ខ ។ ហើយ២ឆ្នាំចុងក្រោយនេះ នាងប្រឈមទាំងអស់ពាក្យដិះដៀលកិត្តិយស និងអ្វីៗច្រើនទៀត សូម្បីតែការងារក៏ចង់របូត។
ក្រោយពេលបើកកកាយរឿងមានគូថ្មី នី មុនីនាថ បានរំលឹករឿង២ដែលលេងផ្លូវចិត្តនាង ឱ្យចំបែងចិត្តឯកា។ កាលពីនៅអាយុពេញវ័យ ពេញរូបរាង មានឈ្មោះសិល្បៈ បានលង់ស្នេហ៍បុរសម្នាក់វ័យប្រហែលគ្នា។ ស្រឡាញ់គេ តែមិនដឹងបែបណាបានជានៅសុខៗមកបញ្ឈឺចិត្តនាង រហូតនាងសម្រេចចិត្តសុំបែក។ បន្ទាប់រឿងមានគូដណ្តឹងនៅអាមេរិក ក៏ក្លាយជារឿងមួយបែកបាក់ ។ រឿងនេះ ពិបាកប្រឈមដោះស្រាយ ដោយសារម្តាយនាងពេញចិត្ត តែគាត់មិនបានដឹងពីចរិកពិតបែបណា ទើបនាងនៅខ្វល់ចិត្តព្យាយាម ពន្យល់ម្តាយឪពុកថា គូដណ្តឹងនោះពិតជារស់នៅមិនចុះសម្រុងគ្នា ទំរាំយល់គ្នាបាន។
ចំណែកបុរសជាគូគាប់ដែលឆក់យកចិត្ត នី មុនីនាថ ឱ្យជ ពីជំងឺស្នេហាបាននោះ ត្រូវបាន តារាមុខស្រទន់រូបនេះលើកឡើងថា យល់ចិត្តនាងណាស់។ បុរសរូបនោះ ជាអ្នករកស៊ីនៅក្នុងស្រុក វ័យបងនាងតិចតួច។ ក្រៅពីស្រឡាញ់នាង ហើយនោះថែមទាំងបានបើកផ្លូវឱ្យនាងបម្រើអាជីពសិល្បៈតាមចិត្ត។ ដូចនេះហើយ ទើបជាច្រើនខែមកនេះ នាងបានទទួលយកការងារសម្តែងមកវិញដោយទទួលបានការថតរឿងជាច្រើន រវល់ពេញ១សប្តាហ៍ៗ។ យ៉ាងណានាងនៅតែចំណាយចិត្ត មើលគ្នាទៅវិញទៅមកឱ្យបានច្បាស់សិន ព្រោះដាន ស្រមោលចាស់បានវាយលុកអារម្មណ៍នាងឱ្យបាក់ រហូតនាងនៅទំនេ ដល់អាយុច្រើនបែបនេះ។ មានការលើកឡើងថា នី មុនីនាថ នឹងមិនទៅណាចោលស្រុកខ្មែរឡើយ ដោយនាង សម្រេចជ្រើសរើសបុរសក្នុងស្រុកជាគូអនាគត ដោយសារគូដណ្តឹងនាងដែលដាច់គ្នាជាអ្នកនៅនាយសមុទ្រ។ នាងនៅបន្តមានផែនការខ្លះៗ ដែលរៀបចំឱ្យអ្នកផ្ទះរួចរាល់ ជាពិសេសខែ១១ ខាងមុខនេះ ប្អូនស្រីនាងនឹងរៀបការ ហើយបន្តដល់ប្អូនៗផ្សេងទៀត។ លុះត្រាដែលប្អូនៗ ការមានអនាគតអស់ ទើបនាងសម្រេចចិត្តគិតរឿងនាងវិញម្តង។ យ៉ាងណា មុនីនាថ មិនទាន់បង្ហាញមុខបុរសជាម្ចាស់ចិត្តនាងថា ស្រស់សង្ហារបែបណាឱ្យគេដឹងនៅឡើយនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព