រាជធានីភ្នំពេញ ៖ តាមរយៈព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាបានឲ្យដឹងថា ខ្សែរាជវង្សមួយព្រះអង្គបានយាងចូលទិវង្កត ក្នុងជន្មាយុ៧៩ឆ្នាំ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នាមន្ទីរពេទ្យ Pasteur ក្នុងទីក្រុង Colmar រដ្ឋAlsace សាធារណរដ្ឋបារាំង ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសាររបស់ព្រះអង្គដោយស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ចំពោះមរណភាពនៃអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សាមីល មុនីពង្ស ព្រះបុត្រានៃសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស និងអ្នកម្នាង Andrée Lambert ដែលបានយាងចូលទិវង្កត ក្នុងជន្មាយុ៧៩ឆ្នាំ នាវេលាម៉ោង ៤៖៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នាមន្ទីរពេទ្យ Pasteur ក្នុងទីក្រុង Colmar រដ្ឋAlsace សាធារណរដ្ឋបារាំង ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ត្រូវជាព្រះរាជនត្តា (ចៅ) នៃព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
អ្នកអង្គធ្លាប់បានទៅសិក្សា នៅសាលារាជបណ្ឌិតសភាអាកាសចរណ៍ ( Royal Air academy ) ឯប្រទេសបារាំង ហើយនៅក្នុងសម័យសង្គមរាស្ត្រនិយម ទ្រង់បានចូលបម្រើកងទ័ពភូមិន្ទអាកាសចរណ៍ខ្មែរ (AVRK) ក្នុងឆ្នាំ១៩៦០ បន្ទាប់មកនៅឆ្នាំ១៩៦២ ជាអ្នករុករកនាវាមុជទឹករង និងនៅក្នុងឆ្នាំ១៩៧១ ទ្រង់បានទទួលតំណែងជាវរសេនីយ៍ទោ កងវរសេនាធំ ក្នុងទ័ពអាកាសខ្មែរ (KAF) ។
ប្រភពពីហ្វេសប៊ុកផេក Royal Du Cambodge បានឲ្យដឹងបន្តទៀតថា នៅឆ្នាំ១៩៧៣ ជាអនុព័ន្ធការពារជាតិនៅទីក្រុងប៉ារីស ក្រោយមកចន្លោះឆ្នាំ១៩៧៤-១៩៧៥ ទ្រង់ជាទីប្រឹក្សាបច្ចេកទេសនៃគណៈប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូ ហើយឆ្នាំ ១៩៧៥ ជាប្រធានបេសកកម្មអង្គការ យូណេស្កូនៅទីក្រុង ហ្សឺណែវ ។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ទ្រង់ត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ជាទីប្រឹក្សាអមព្រះមហាក្សត្រ ឋានៈស្មើរដ្ឋលេខាធិការ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព