
រាជធានីភ្នំពេញ៖ អ្នកនាងយក់ ឋិរដ្ឋា គឺជាតារាចម្រៀង ម្នាក់ដែលមានឈ្មោះបោះសំឡេងម្នាក់នៅក្នុងពិភពសិល្បៈចម្រៀង។ នាងត្រូវបានមហាជនចាត់បញ្ចូលជាតារាដ៏មានប្រជាប្រិយភាព ក្នុងចំណោមតារាចម្រៀង ល្បីៗជាច្រើននាក់ ។ ទោះជាយ៉ាងណាក្ដីប្រមាណជិត២ឆ្នាំចុង ក្រោយនេះ យក់ ឋិតរដ្ឋា ស្ថិតក្នុងសភាពនៅនឹងថ្កល់ មុខមិនទៅក្រោយមិនថយ គឺនៅមានឈ្មោះជាតារាចម្រៀងម្នាក់ដែរ តែប្រែស្ងប់ស្ងាត់មិនមានបទថ្មី។
យក់ ឋិតរដ្ឋា កំពុងសម្រាកថែទាំសុខភាព និងកូនខ្ចី គឺនាងទើបតែឆ្លងទន្លេកូនស្រីទី២ បន្ទាប់ពីកូនទីមួយជាកូនប្រុស ។ ក្លាយជាស្ត្រីមេផ្ទះ មានកូនក្នុងបន្ទុក រដ្ឋា ហាក់ថមថយប្រជាប្រិយភាពក្នុងអាជីពសិល្បៈ បន្តិចម្តងៗ ។ បើទោះជានាងមានចេតនា បន្តជម្នះ ហើយ មានចម្រៀងចេញផ្សាយលួងចិត្តអ្នកស្តាប់បែបណា ក៏មិនអាចបន្តគ្រងងារជាតារាលំដាប់ជួរមុខដូចមុនបាន។ ៣ឆ្នាំមកនេះ តាំងពីនៅផលិតកម្មថោន រដ្ឋាប្រែប្រួលអាជីពសិល្បៈណាស់ ចម្រៀងក៏មិនសូវទាក់ទាញដូច១០ឆ្នាំមុន ។
បើទោះជាផលិតកម្មថោន រកវិធីឲ្យនាង មានភាពខ្លាំងបែបណាក៏មិនអាចទប់ទល់រលកក្រោយបាន។ ប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការបារម្ភចំពោះនាងបាត់ប្រជាប្រិយភាព ហើយលើកសំណួរ ស្រដៀងៗគ្នាថា បើរដ្ឋាតារាសំឡេងស្អករូបនេះទ្រាំបន្តិចទៀត នៅជាមួយផលិតកម្មហង្សមាសនោះ នាងប្រហែលលូតលាស់ជាងនេះ ។ ជាពិសេស លំដាប់នាង អាចហង្សមាសនៅ បន្តត្រួសត្រាយ រកចំណុច ឬតំណែងណាមួយឲ្យសម ជាតារាមានមហាជនស្គាល់ច្រើន ។ ទោះជាយ៉ាណាក្ដី អ្នកខ្លះថាទោះជានៅផលិតកម្មហង្សមាសក៏ពិបាកស្ទួយកេរ្តិ៍ឈ្មោះដែរ ជាក់ស្ដែងតារាល្បីនៅទីនោះស្រាប់គង់ចាកចេញ ដូចជាឈិត សុជាតា ជាដើម ។ ចំណែកលោកឃុំ ប៉ុណ្ណាដែត ជាស្វាមីវិញ នៅតែតាមចិត្តប្រពន្ឋ ក្នុងការតស៊ូ ប្រឡូកសិល្បៈ ដោយសារតែយល់ថា ឈ្មោះ និងកិត្តិយស បានគេស្គាល់ដោយសារ តែសិល្បៈ នេះឯង។ យក់ ឋិតរដ្ឋា ក្រៅពីអាជីពចម្រៀងដែលមិនសូវលូតលាស់នា ពេលនេះ នាងបានងាកមកលក់ផលិតផលអនឡាញ ដែលកំពុងតែមានការគាំទ្រច្រើនដែរ ។ យក់ ឋិតរដ្ឋា កាលពីនៅក្មេងគឺជាដៃគូចម្រៀងជាមួយស្វាមី ។ ពួកគេមានការងារច្រើន រួមទាំងបានឱកាសសម្ដែងក្នុងខ្សែភាពយន្តជាច្រើនរឿងទៀតផង ។ តែពេលនេះមិនដូចពេលមុនទេខណៈរដ្ឋា ស្ងប់ស្ងាត់ អ្នកស្រករក្រោយកំពុងលូត៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព