អាជ្ញាធរចាត់វិធានការដោះស្រាយ រឿងករណីលួចកាន់កាប់ដីអភិរក្ស រាប់ពាន់ហិកតា ដោយខុសច្បាប់ពីមន្ត្រីមានអំណាច
អាជ្ញាធរពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះ ដើម្បីចាត់វិធានការដោះស្រាយ លើករណីដីព្រៃជាច្រើនហិតា ដែលស្ថិតនៅក្នុងតំបន់អភិរក្ស កំពុងត្រូវបានកាន់កាប់ខុសច្បាប់ ពីមន្ត្រីមានអំណាច។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលបានធ្វើឡើង នៅសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ដែលនិយាយអំពីការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងខេត្តមណ្ឌលគិរី ។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនេះ គេបានរកឃើញថា ដីព្រៃ ដីអភិរក្ស រាប់ពាន់ហិកតា ត្រូវបានរងការកាន់កាប់ដោយខុសច្បាប់ ពីជនខិលខូច និងមន្ត្រីមានអំណាច ដែលលួចឃុបឃិតគ្នាជាប្រព័ន្ធ។
តាមរយៈកិច្ចប្រជុំនេះដែរ អាជ្ញាធរពាក់ព័ន្ធ បានចាត់មន្ត្រីប្រមាណជិត៥០០នាក់ ដើម្បីចុះធ្វើកិច្ចការងារដីធ្លី នៅក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕ ដោយ៖ ត្នោត