អ្នកខ្លះយល់ថា មានតែការសម្លាប់ខ្លួនប៉ុណ្ណោះទើបបានផុតពីទុក្ខសោក អស់ភ័យនៅក្នុងលោកនេះ ។ គំនិតបែបនេះគ្រាន់តែជាការយល់ខុស ជាភាពឆោតល្ងង់តែប៉ុណ្ណោះ ព្រោះស្លាប់តែរូបកាយតែចិត្តមានទុក្ខត្រូវទៅចាប់កំណើតនៅកន្លែងដែលមានទុក្ខកាន់តែខ្លាំងគឺ សាងកម្មណាបានទទួលកម្មនោះ ចិត្តដែលកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចធម៌មិនអាចបំភ្លៃបានឡើយ ។
ពិតណាស់អ្នកខ្លះត្អូញថា ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ខ្ញុំលំបាកណាស់ ខ្ញុំអស់កម្លាំងណាស់ ខ្ញុំពិតជាឈឺហើយ ខ្ញុំធុញថប់ក្នុងអារម្មណ៍ណាស់ ខ្ញុំជួបតែរឿងអាក្រក់រហូត ខ្ញុំអភ័ព្វណាស់ កម្សត់ណាស់ មានវាសនាអាក្រក់ណាស់ជាតិនេះ ។
បើអ្នកមានទិដ្ឋិយ៉ាងនេះមានន័យថា យើងគ្មានសមត្ថភាពធ្វើឲ្យរឿងនោះចេញទៅឲ្យឆ្ងាយពីជីវិតរបស់ខ្លួនទេ គឺយើងយល់ព្រមឲ្យជីវិតជួបតែរឿងអាក្រក់គ្រប់យ៉ាងដោយមិនព្រមរើបម្រះចេញពីផលអាក្រក់ទាងនោះហើយ ។
គំនិតបែបនេះប្រៀបបាននឹងការស្រូបទាញយកនូវព្រឹត្តិការណ៍អាក្រក់ៗមកកាន់ជីវិតឲ្យកាន់តែច្រើនឡើងថែមទៀត គឺយើងបានបន្ថែមទម្ងន់ទុក្ខ ទៅលើបញ្ហាដែលកំពុងតែមានស្រាប់ គឺទុក្ខជាន់ទុក្ខតែម្តង ។
តាមពិតទៅជីវិតយើងទាំងអស់គ្នានេះគឺសុទ្ធតែដូចមនុស្សធ្លាក់រណ្តៅលាមកដែលមានជម្រៅខុសៗគ្នា ហើយប្រឹងប្រវាឡើងមកវិញតាមជញ្ជាំងរណ្តៅ បើមិនប្រឹងប្រវាតោងឡើងមកវិញទេ នឹងធ្លាក់ចុះកាន់តែជ្រៅជាមិនខាន ។
ហេតុនេះបុគ្គលគួរតែមានឆន្ទៈតស៊ូ ព្យាយាម និងអំណត់បំផុតទើបធន់នឹងជីវិតបាន ហាមដាច់ខាតការសម្រេចចិត្តធ្វើអត្តឃាតព្រោះមានទោសធ្ងន់មិនអាចយោនយកកំណើតជាមនុស្ស ឬទេវតាបានឡើយ ។ ដោយ៖ កោះសន្តិភាព