ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យប្រជាពលរដ្ឋ បានដឹងពីការបន្តធ្លាក់ភ្លៀង ព្រមជាមួយនឹងបាតុភូតគ្រោះធម្មជាតិ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ខ្យល់មូលសូងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ។
ស្ថានភាពបែបនេះធ្វើឲ្យបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាលរបស់កម្ពុជា មានភ្លៀង នឹងធ្លាក់រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។
ក្រសួងក៏បានលើកឡើងថា ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ ។ ចំណែកឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕ ដោយ៖ ត្នោត