ប្រាសាទមេបុណ្យខាងកើត ត្រូវបានគេសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី ២ នៅឆ្នាំ ៩៥២។
យោងតាមសិលាចារិកបានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរ ព្រះនាងបរវតី ព្រះនារាយណ៍ ព្រះព្រហ្ម និងនៅប្រាង្គកណ្ដាលដាក់លិង្គទេវរាជដែលលោក ហ្សឺដេស អះអាងថា ” រាជេន្ទ្រស្វរៈ “។
ប្រាសាទនេះមានទម្រង់ប្រហែលនឹងប្រាសាទប្រែរូប ដែលមានប្រាង្គសំខាន់ចំនួន ៥ សាងអំពីឥដ្ឋ ស្ថិតនៅលើខឿនសាងអំពីថ្មបាយក្រៀម និងថ្មភក់ ប៉ុន្តែមានកម្ពស់ទាបជាងប្រាសាទប្រែរូប។ នៅសងខាងកាំជណ្ដើរមានលម្អចម្លាក់តោ រីឯនៅតាមជ្រុងនៃខឿនជាន់ទី ១ និងទី ២ មានលម្អរូបដំរីដែលមានប្រមោយសំយុងត្រង់ចុះមកក្រោមហើយនៅលើ ក ដំរីមានលម្អខ្សែកទៀតផង។